សម្តេចតេជោ ចង់កែរដ្ឋធម្មនុញ្ញ«កុំឲ្យគណៈរដ្ឋមន្ត្រីរលាយ ពេលអត់នាយករដ្ឋមន្ត្រី»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងតែគិតគូរកែ ឬមិនកែរដ្ឋធម្មនុញ្ញ ដោយអះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាចែងថា«នៅពេលដែលតំណែងនាយករដ្ឋមន្ត្រី នៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ មានន័យម៉េច? មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលរលាយតែម្តង អត់មាននរណាធ្វើនាយករដ្ឋមន្ត្រីស្តីទីបានទេ …..»។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានកំណត់ថា បើអត់ពីនាយករដ្ឋមន្ត្រីទៅ គឺគណៈរដ្ឋមន្ត្រីក៏ត្រូវតែរលាយដោយស្វ័យប្រវត្តិ ពោលគឺសូម្បីតែនាយករដ្ឋមន្ត្រីស្តីទី ក៏មិនមានដែរ ដោយសារតែគ្មាននរណាអាចតែងតាំងនាយករដ្ឋមន្ត្រីស្តីទីបាន។ បើសិនជាតំណែងនាយករដ្ឋមន្ត្រី នៅទំនេរម្តងម្កាល គឺអាចចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី ដែលលោកគឺជាអ្នកតែងតាំង គឺមុនពេលលោកទៅក្រៅប្រទេស ប៉ុន្តែបើសិនលោកស្លាប់ គឺអត់មាននរណាតែងតាំងនាយករដ្ឋមន្ត្រីស្តីទីទេ ដូច្នេះ រដ្ឋាភិបាលនឹងរលាយ ជាស្វ័យប្រវត្តិ។

បើយោងមាត្រា១២៥នៃរដ្ឋធម្មនុញ្ញ បានចែងថា៖«បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន»។

ទោះជាយ៉ាងនេះក្តី សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មិនបានបញ្ជាក់ច្បាស់ទេថា ចង់កែ ឬបន្ថែមថយខ្លឹមសារយ៉ាងដូចម្តេចក្នុងមាត្រា​ណាមួយនោះទេ៕