ចាប់រឹបអូសគ្រឿងសមុទ្រផ្ទុកសារជាតិគីមីដែលនាំចូលពីវៀតណាមជាង ៧តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2019 ក+ ក-

ខេត្តកំពត ៖ សមត្ថកិច្ចចម្រុះ បានចាប់ឃាត់រថយន្តចំនួន៣គ្រឿង ដែលដឹកបង្គា និងគ្រឿងសមុទ្រ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ។ ក្រោយត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃើញបង្គាមានចាក់សារធាតុម្យ៉ាង ខាប់ដូចចាហួយចូលក្បាលបង្គា និងគ្រឿងសមុទ្រទាំងនោះ។

កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ក្រាបករណីនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧.៥២០ គីឡូក្រាម នាំចូលពីប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែមីនា ។

ចំណែករថយន្តទាំង៣នោះ រួមមាន រថយន្តម៉ាក HYUNDIA ស្លាកលេខ 3A-0869 មួយគ្រឿង, ម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង និងម៉ាក HYUNDIA គ្មានស្លាកលេខមួយគ្រឿង ។ ដោយឡែក អ្នកបើកបររថយន្តចំនួន៣នាក់ ត្រូវបាននាំខ្លួនសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់បន្តចាត់ការតាមផ្លូវច្បាប់ ៕