ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។

ថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះ ពិនិត្យស្ថានភាព និងសិក្សាលទ្ធភាព ក្នុងការសាងសង់ ពង្រីក និងលើកកម្ពស់ គុណភាពផ្លូវជាតិ លេខ៧១សេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុបចំនួន ១១៤,៦២ គីឡូម៉ែត្រ បែកចេញពី ផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារ ចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។

លោកបន្តថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សា ដោយក្រុមហ៊ុនសៀងហៃ ហើយ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាបន្ថែម ត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយ សមស្របសំដៅធានា ឱ្យបានគុណភាពខ្ពស់។

លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ៕