ផ្ទះ សាលារៀនជាច្រើននៅស្រុកថ្មពួក បានរងការដួលរលំខណ:មានភ្លៀងកក់ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

បន្ទាយមានជ័យ ៖ យ៉ាងហោចផ្ទះយ៉ាងតិច១២ខ្នង និងសាលារៀន០២ខ្នង នៅក្នុងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាតដោយខ្យល់កន្ត្រាក់ ខណ:ដែលមានភ្លៀងកក់ខែកាលពីព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៩ នេះថា ភ្លៀងកក់ខែ បានបង្អុររាយប៉ាយពាសពេញទូទាំងស្រុកថ្មពួកដោយក្នុងនោះមានលាយឡំជាមួយនិងខ្យល់កន្ត្រាក់ផងដែរ។ ហេីយមានឃុំចំនួនបីបានរងនូវឥទ្ធិពលនៃខ្យល់កន្ត្រាក់នេះនឹងធ្វេីអោយផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រេីនខ្នងរងការខូចខាតធ្ងន់-ស្រាល ព្រមទាំង សាលារៀនផងដែរ។

លោក ឌៀប ឈួន បានបញ្ជាក់អោយដឹងទៀតថា ផ្ទះនិងសាលារៀនដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងបីឃុំមាន ភូមិតាយឹងក្នុង ឃុំគំរូខូចខាតផ្ទះបីខ្នង ឃុំគោករមៀត ភូមិគោកព្រិចផ្ទះពីរខ្នង ភូមិស្រែល្អផ្ទះ០៥ខ្នងសាលារៀនបឋមសិក្សាស្រែល្អមួយខ្នង ឃុំថ្មពួក សាលារៀនអន្លង់ត្រាចមួយខ្នង។

នៅក្នុងចំណោមផ្ទះដែលរងផលប៉ះពាល់ទាំង១២ខ្នង មាន៨ខ្នង រងការខូចខាតធ្ងន់ធ្ងរ ខ្លះដួលរលំ ចំណែក៤ខ្នងផ្សេងទៀតគ្រាន់តែរបើកដំបូលតិចតួច។ ចំពោះសាលារៀនទាំងពីរខ្នង គឺរងការខូចខាតធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថាក្រោយមានឧបទ្ទវហតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបានបង្ករអោយមានមនុស្សសត្វ រងគ្រោះថ្នាក់នោះទេ តែគេបានឃើញកម្លាំងអន្តរាគមន៍របស់វរសេនាតូច៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ ចំនួន ៧៥នាក់ អធិដ្ឋាននគរបាលស្រុកថ្មពួកចំនួន៥០នាក់បានចេញប្រតិបត្តិការជួយជួសជុល និងរុះរើរង់ចាំកសាងថ្មី៕