លោក រៀល ខេមរិន្ត្រ អតីតមន្ត្រីបក្សប្រឆាំងគ្រោងបង្កើតគណបក្សថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

ភ្នំពេញ ៖ លោក រៀល ខេមរិន្ត្រ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្រសួងមហាផ្ទៃ រួចហើយ កាលពីថ្ងៃទី១៣ ខែមីនា ក្នុងសប្តាហ៍មុននេះ។ សំណើរបស់លោក រៀល ខេមរិន្ត្រ ក៏ត្រូវបានក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់រដ្ឋាភិបាលកម្ពុជា កាលនៅព្រឹកថ្ងៃទី១៦ ខែមីនា រួចហើយដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោកខៀវ សុភ័គ។

លោក រៀល ខេមរិន្ត្រ ស្ថិតក្នុងចំណោមអតីតមន្ត្រីបក្សប្រឆាំង ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ ។ គិតត្រឹមពេលនេះ លោកនឹងក្លាយជាអ្នកប្រឆាំងទីបួន ហើយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីទីមួយ គឺលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ ទីពីរ លោក គង់ ប៉ូរា អតីតអ្នកតំណាងរាស្ត្រ និងទីបី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយករបស់អតីតគណបក្សសង្គ្រោះជាតិ។

ក្នងលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អតីតសមាជិកគណកម្មាធិការនាយក និងជាអតីតតំណាងរាស្ដ្រមណ្ឌលស្វាយរៀងរបស់អតីតគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្រ្ទ បានដាក់លិខិតមួយទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអះអាងក្នុងលិខិតនោះថា លោកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល។
ក្នុងលិខិតដដែលនេះ លោក រៀល ខេមរិន្រ្ទ បញ្ជាក់ទៀតថា លោកមានបំណងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសម្រាប់អាណត្តិក្រោយផងដែរ។

គួរកត់សម្គាល់ថា ការដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក រៀល ខេមរិន្ត្រ នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានបិទលែងទទួលយកសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតបក្សប្រឆាំង៕