ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ៣១ខ្នង នៅខណ្ឌមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

ភ្នំពេញ ៖ ឆេះផ្ទះឈើប្រក់សង្ក័សីអស់ ៣១ខ្នងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវលំ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣១ខ្នង ខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ខណៈដែលម្ចាស់ផ្ទះ បានចាក់សោរផ្ទះ ហើយចេញទៅខាងក្រៅ បណ្តាលឱ្យទុសេរខ្សែរភ្លើង បង្កចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅរីករាលដាលដល់ផ្ទះក្បែរៗជាប់គ្នាអស់ជាច្រើនខ្នង។

ហេតុការណ៍នេះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន១៨គ្រឿង របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ១៤គ្រឿង រថយន្តអាវុធហត្ថរាជធានីចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង ចេញទៅជួយបាញ់ទឹកដើម្បីទប់ស្កាត់កុំឱ្យរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះទៀត តែដោយសារតែផ្លូវតូចចង្អៀតទើបធ្វើឱ្យក្រុមពន្លត់អគ្គីភ័យពិបាកចូលទៅបាញ់ទឹកពន្លត់រហូតឈានដល់ខូចខាតផ្ទះប្រជាពលអស់ ៣១ខ្នងទាំងស្រុង និងខូចខាតសម្ភារៈអស់មួយចំនួន តែសំណាងល្អដែរ ដោយគ្មានបណ្តាលពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ទេ៕