ម្ចាស់កាសែត ឌឹខេមបូឌាដេលី លោក Bernard Krisher ទទួលមរណភាពហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2019 ក+ ក-

ភ្នំពេញ ៖ ស្ថាបនិកកាសែត The Cambodia Daily លោក Bernard Krisher បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយសារលោកមានជំងឺបេះដូង។

ក្នុងអត្ថបទអនឡាញរបស់ខ្លួនចុះផ្សាយនៅថ្ងៃនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានរៀបរាប់ថា លោក Bernard Krisher ដែលមានតួនាទីជាប្រធានអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា (World Assistance for Cambodia)ផងនោះ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែមីនា ក្នុងវ័យ ៨៧ឆ្នាំ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

សារពត័ត៌មានដដែលនេះ បានចុះផ្សាយបន្តថា មរណភាពរបស់ស្ថាប័នសារព័ត៌មានមួយនេះ ត្រូវបានក្រុមគ្រួសារទម្លាយឲ្យដឹងជាសាធារណៈ ក្រោយពីការរៀបចំពិធីបញ្ចុះសពលក្ខណៈឯកជនមួយធ្វើឡើងនៅទីក្រុងញូវយ៉ក។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះលើទំព័រហ្វេសប៊ុកបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់លោក Krisher ជនជាតិអាមេរិក ដែលមានកំណើតនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ ស្ថានទូតអាមេរិក បានសរសេរយ៉ាងដូច្នេះថា៖«លោក Krisher មិនត្រឹមតែបានធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់ទទួលបានព័ត៌មានតែប៉ុណ្ណោះទេ តែលោកថែមទាំងបានចំណាយពេលវេលារបស់លោករាប់ទសវត្សរ៍ ដើម្បីធ្វើការងារមនុស្សធម៌នៅកម្ពុជា»។

លោក Bernard Krisher មុននឹងភៀសខ្លួនទៅនៅអាមេរិកនៅវ័យកុមារនៅឡើយនៅក្នុងឆ្នាំ១៩៣៧នោះ លោក Bernard Krisher ក៏ជាអតីតនាយកការិយាល័យព័ត៌មាន Newsweek ប្រចាំនៅទីក្រុងតូក្យូ ព្រមទាំងសារព័ត៌មានអន្តរជាតិដទៃទៀតផងដែរមុននឹងលោកបង្កើតកាសែត ឌឺ ខេមបូឌា ដេលី ជាភាសាអង់គ្លេស The Cambodia Daily នៅក្នុងឆ្នាំ១៩៩៣។ប៉ុន្តែ កាសែតភាសាអង់គ្លេសមួយនេះ បានបិទការបោះពុម្ពផ្សាយរបស់ខ្លួនទាំងស្រុងកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រូវរដ្ឋាភិបាលចោទថា បានជំពាក់ពន្ធជាង ៦លានដុល្លារអាមេរិកនៅក្នុងររយៈប្រហែល ១០ឆ្នាំ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ស្ថានទូតបានរៀបចំបន្ទប់មួយដាក់ឈ្មោះលោក Bernard Krisher សម្រាប់ជាកិត្តិយសរបស់លោកផ្ទាល់៕

(លោក Bernard Krisher ស្ថាបនិកកាសែត The Cambodia Daily ទទួលមរណភាពក្នុងអាយុ​៨៧ឆ្នាំ។ ប្រភពរូបថត The Cambodia Daily)