អគ្គីភ័យឆាបឆេះផ្ទះបួនខ្នង និងបណ្ដាលឲ្យក្មេងស្រីពីរនាក់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2019 ក+ ក-

មណ្ឌលគិរី ៖ មានហេតុការណ៍អគី្គភ័យមួយបានកើតឡើងបណ្ដាលឲ្យក្មេងស្រីវ័យជំទង់ពីរនាក់បានស្លាប់ និងបានឆាបឆេះរាលដាលលំនៅដ្ឋាន៤ខ្នងទាំងស្រុង ដោយឧបទ្ទវហេតុនេះ ផ្ដើមចេញពីផ្ទះលក់សាំងមួយកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនិងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយអគ្គីភ័យបានអូសបន្លាយឆាបឆេះប្រហែលជាង៣ម៉ោង គឺរហូតដល់ម៉ោងប្រហែល៨យប់ ទើបសមត្ថកិច្ចអាចប្រើប្រាស់ឡានទឹកបាញ់ពន្លត់អគ្គីភ័យនេះបាន ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់នៅកន្លែងកើតហេតុថា មូលហេតុដែលបណ្ដាលឲ្យអគ្គីភ័យនេះបង្កជាអណ្ដាតភ្លើងបាន ព្រោះការធ្វេសប្រហែសរបស់អ្នកបើកឡានដឹកប្រេង ដែលបង្ហូរប្រេងចេញពីស៊ីទែនមកមិនប្រយត្ន ធ្វើឲ្យប្រេងទាំងនោះខ្ទាតចេញទៅប៉ះជាមួយចង្ក្រានភ្លើងនៅផ្ទះបាយ បង្កជាការឆាបឆេះតែម្ដង។ លោកបន្តថា ហេតុការណ៍នេះបណ្ឌាលឲ្យមនុស្សស្រីពីរនាក់ស្លាប់ និងរបួសម្នាក់ ចំណែករថយន្តដឹកប្រេងសមត្ថកិច្ចឃាត់បានហើយ ប៉ុន្តែតៃកុងរថយន្តបានរត់គេចខ្លួន ។ ក្នុងករណីនេះដែរ កម្លាំងនគរបាលបានប្រើរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង និងប្រើទឹកជាង២០ឡានទើបអាចពន្លត់អគ្គីភ័យនេះបានទាំងស្រុង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ក្រោយអគ្គីភ័យនេះបានកើតឡើង ភ្លាមៗនោះគេឃើញម្ចាស់ផ្ទះលក់ប្រេងបានរត់ចេញពីអណ្ដាតភ្លើងមកពីរនាក់ និងជាប់ក្មេងស្រីវ័យជំទង់ពីរនាក់ក្នុងផ្ទះ ដែលត្រូវជាកូនស្រីម្ចាស់ផ្ទះ០១នាក់ ក្មួយស្រី០១នាក់ ហើយពួកគេបានរត់ទៅពួនក្នុងបន្ទប់ទឹក រំពេចនោះប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះជនរងគ្រោះទាំងពីរនាក់ ប្រើមធ្យោបាយវាយទម្លុះជញ្ជាំងបន្ទប់ទឹកនោះតែម្ដង តែជាអកុសល្យគឺវាយច្រលំបន្ទប់ មិនចំបន្ទប់ទឹក ក៏បណ្ដាលឲ្យពួកគេមិនអាចទ្រាំបានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ទឹកនោះយ៉ាងអាណោចអធ័ម ។

ជនរងគ្រោះទាំងពីរនាក់ ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនេះ ទី១ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ ។

គិតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា នេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយទេ៕ ដោយ ៖  ភិរ៉ាន