បក្សប្រឆាំងច្រើនតែវាយតម្លៃខុស ទើបមិនអាចជោគជ័យគ្រប់សមរភូមិនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2019 ក+ ក-

ភ្នំពេញ ៖ ការបរាជ័យរហូតគ្មានកន្លែងឈរជើងទាំងស្រុងរបស់អតីតបក្សប្រឆាំង ក៏ព្រោះតែបក្សប្រឆាំងវាយតម្លៃស្ថានការណ៍ខុស និងតែងតែលាបពណ៌សហការីរបស់ខ្លួន ដែលបានចាកចេញពីបក្សរបស់ខ្លួន។ សម្តេចតេជោ បានថ្លែងចំអកដល់អតីតមេបក្សបក្សប្រឆាំង ដែលកំពុងបន្តរាំងខ្ទប់សមាជិក និងសហការីរបស់ខ្លួនមិនឲ្យសុំសិទ្ធិធ្វើនយោបាយ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យ អាស៊ីអឺរ៉ុបប្រមាណ ១ពាន់៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែមីនា នេះ។ សម្តេច បានថ្លែងចំអកឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងថា ការបាត់បង់កន្លែងឈរជើងទាំងស្រុងនៅក្នុងសមរភូមិនយោបាយនៅកម្ពុជា គឺដោយសារតែបក្សប្រឆាំងតែងតែវាយតម្លៃខុស គ្រប់ទិដ្ឋភាពនយោបាយ និងចូលចិត្តលាបពណ៌ មិនថា មន្ត្រី និងសហការីរបស់ខ្លួន និងមន្ត្រីគណបក្សប្រជាជន ដោយសង្ឃឹមទទួលផលពីការបែកបាក់របស់គណបក្សប្រជាជន។

នយោបាយរង់ចាំគណបក្សប្រជាជនបែកផ្ទៃក្នុង គឺជារឿងមិនអាចទៅរួចឡើយ គ្រាដែលរយៈពេល៤០ឆ្នាំជាបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា នៅរក្សាសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ។ អតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី តែងតែចោទសម្តេចតេជោ ថា រកគ្រប់វិធីដើម្បីបំបែកលោក ចេញលោក កឹម សុខា ដើម្បីឲ្យអតីតគណបក្សសង្គ្រោះបែកខ្ញែកគ្នា។ សម្តេចតេជោ បានចំអកដែរថា អតីតមេបក្សប្រឆាំងមិនសាកសម ធ្វើមេបក្សនយោបាយនោះទេ ព្រោះជាមេដឹកនាំអសមត្ថភាពដែលធ្វើឲ្យបក្សខ្លួនត្រូវរំលាយ និងបាត់បង់ទីតាំងឈរជើងទាំងស្រុង។ ការលើកឡើងថា សម្តេចតេជោបំបែកលោក សម រង្ស៊ី ចេញពីលោក កឹម សុខាហាក់បីដូចជាបន្តុះបង្អាប់ខ្លួនឯងទៅវិញទេដែលគ្មានសមត្ថភាពគ្រប់គ្រងផ្ទៃក្នុងបក្ស។

គួរកត់សំគាល់ដែរ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ពីក្រៅប្រទេសនៅតែ គៀងគរ និងរាំងខ្ទប់សហការីរបស់ខ្លួនមិនឲ្យសុំសិទ្ធិធ្វើនយោបាយ គ្រាដែល លោក សម រង្ស៊ីផ្ទាល់ និងមនុស្សជំនិតរបស់លោក៧រូបផ្សេងទៀត ត្រូវបានតុលាការចេញដី ការតាមចាប់ខ្លួនពីគឺរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍នៅកម្ពុជា និងកន្លែងផ្សេងទៀត៕