លួចរថយន្តបែនដឹកដីពីក្រុងព្រះសីហនុម្ចាស់តាមរកឃើញនៅទួលសង្កែ២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2019 ក+ ក-

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ត្រូវអ្នកបើកបរ លួច យកពីខេត្តកំពង់សោម ហើយ តាមរយះជីភីអេស ត្រូវបានម្ចាស់និងបងប្អូនតាមរកឃើញ ចតទុកចោល នៅតាមដងផ្លូវ នៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤៥នាទីរសៀលនៅត្រង់ចំណុចមុខក្រុមហ៊ុនផលិតទឹកសុទ្ធវីតាល់តាមផ្លូវលេខ៥៩៨ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវហើយ ម្ចាស់ក៍បានទៅប្តឹងនគរបាលអោយដកហូតយកមកទុកនៅស្នាក់ការប៉ុស្តិ៍ ទួលសង្កែ ២ ។ទោះបីជាយ៉ាងជនសង្ស័យ បានរត់គេចខ្លួនបាត់ មុនពេលដែលម្ចាស់ និងនគរបាលទៅដល់។

រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខភ្នំពេញ2E-0980 ជាប្រភេទរថយន្តបែនដឹកដីចំណុះ ៥ តោនម្ចាស់ឈ្មោះ ទុំ ចាន់រតនា ភេទប្រុសអាយុ ៣១ ឆ្នាំ មានស្រុកកំណើតនៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ខេត្តកំពុងធំ ។

ចំណែកជនសង្ស័យជាអ្នកបើកបរ ម្ចាស់ពុំបានប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ។
តាមម្ចាស់ បានអោយនគរបាលដឹងថា រថយន្តនោះត្រូវបានជនសង្ស័យ ជាអ្នកបើកបរ បានលួចយកពីខេត្តកំពង់សោម នៅវេលាព្រឹកថ្ងៃ២១ខែមិនាឆ្នាំ២០១៩ដោយជនសង្ស័យបានប្រាប់ម្ចាស់ថា រថយន្តខូចហើយ យករថយន្តចេញពីភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅជួលជុល។លុះក្រោយមកបើកបររថយន្តក៍បានបិតទូរស័ព្ទរហូត។

តាមរយៈជីភីអេស ម្ចាស់ក៍បានដឹងថា រថយន្តនោះត្រូវបានជនសង្ស័យបើកមកភ្នំពេញ ហើយក៍ប្រាប់បងប្អូននៅភ្នំពេញអោយតាមរកតាមទិសដៅ ក៍បានប្រទះឃើញរថយន្តនោះចតទុកនៅតាមដងផ្លូវតែម្តង។រថយន្តត្រូវបាននគរបាលនាំយកទៅរក្សាទុកនៅស្នាក់ប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បីអោយម្ចាស់យកឯកភាព មកបង្ហាញនិងយករថយន្តត្រឡប់ទៅវិញ ៕