មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ថា ​ខ្វះអគ្គិសនីដោយសារការប្រើប្រាស់ច្រើន ខណៈទំនប់វារីអគ្គិសនីខ្វះខាតទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងរ៉ែ និ ឋាមពល លោក ទី នរិន្ទ បានថ្លែងថា បញ្ហារអាក់រអួល អគ្គិសនីនារយៈពេលប៉ុន្មានថ្ងៃនេះ គឺបណ្តាលមកការប្រើប្រាស់បានកើនឡើងយ៉ាងគំហុក ខណៈដែលទំនប់វារីអគ្គិសនីខ្លះ បានផ្អាកដំណើរការជាបណ្តោះអាសន្ន បណ្តាលមកពីការខ្វះខាតទឹក នារដូវប្រាំងដ៏ហូតហែងនេះ

លោក ទី នរិន្ទ ក្នុងសន្និសីទសារព័ត៍មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីស្តីអំពីបញ្ហា អគ្គិសនី នារសៀលថ្ងៃទី២២ មីនានេះថ្លែងថា ឆ្នាំ២០១៩នេះ ទំហំនៃការប្រើប្រាស់អគ្គិសនី កើនឡើងខ្ពស់ជាងឆ្នាំ២០១៨ ដែលយើងអាចនិយាយបានថា ជាការកើនឡើងយ៉ាងគំហុក ខណៈដែលយើងកំពុងខ្វះខាតទឹកនៅតំបន់ផលិតវារីអគ្គិសនីផងនោះ ធ្វើឱ្យការផ្គត់ផ្គង់អគ្គិស នីមានការរអាក់រអួល ដោយនៅពេលថ្ងៃអាចដាច់អគ្គិសនីរហូតដល់ទៅ ៦ម៉ោង តែនៅពេល យប់ការផ្គត់ផ្គង់អាចមានជាប្រក្រតី។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា គម្រោងនៃ ការវិនិយោគនៅឆ្នាំ២០១៩នេះគឺមានការកើនឡើងខ្លាំងជាងឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ដូច្នេះហើយតម្រូវការ នៃការប្រើប្រាស់ក៏មានការកើនឡើង ផងដែរ ក្នុងនោះវិស័យសំណង់ដែលមានកំណើន៧០០% បានធ្វើឱ្យប្រភពថាមពលអគ្គិសនី ពុំអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដូចកាលពីឆ្នាំកន្លងទៅៗទេ តែទោះជាយ៉ាងនេះក៏ដោយចុះ លោកថា នេះគឺគ្រាន់តែជាការប្រឈមមួយក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលវាអាចនឹង អូសបន្លាយត្រឹមចុងខែឧសភា ពោលគឺមានរយៈពេល៧២ថ្ងៃ ដែលយើងមានកង្វះខាត ថាមពលអគ្គិសនីចំនួន ៤០០មេហ្កាវ៉ាត់ ស្មើនឹង១៣% សម្រាប់ការផ្គត់ផ្គង់ទូទៅ។

លោក ទី នរិន្ទ បានបន្ថែមថា រាជរដ្ឋាភិបាលបានសុំទៅខាងភាគីថៃ ឡាវ និង ភាគីវៀតណាមឱ្យបង្កើនថាមពលអគ្គិសនីមកឱ្យយើង ក្នុងនោះថៃ និង ឡាវ បានសន្យាថានឹង បង្កើនជូន រីឯវៀតណាមអាស្រ័យដោយខ្លួនកំពុងខ្វះខាតអគ្គិសនីដែលទាញយកពីវារីអគ្គិសនី ដែរនោះបានសុខចិត្តផ្តល់មកឱ្យកម្ពុជាក្នុងទំហំដដែល ហើយក្រៅពីនេះកម្ពុជាកំពុងតែធ្វើការ ជាមួយខាងភាគីតួគីដើម្បីឱ្យគេបញ្ជូននាវាផលិតអគ្គិសនីកម្លាំង ២០០មេហ្កាវ៉ាត់ មកកាន់ រាជធានីភ្នំពេញផងដែរ ហើយជាការឆ្លើយតបនឹងសំណើនេះខាងភាគីតួគីនឹងបញ្ជូនអ្នកបច្ចេក ទេសរបស់ខ្លួនឱ្យមកពិនិត្យផ្លូវទឹកសម្រាប់នាវាដែលមានបណ្តោយជាង ១០០ម៉ែត្រ អាចចូល មកភ្នំពេញថាបាន ឬក៏មិនបាន។

រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពលរូបនេះបានហៅបញ្ហាប្រឈមឆ្នាំ២០១៩នេះថា ជាបទពិសោធន៍ និង ជាមេរៀនសម្រាប់ឆ្នាំ២០២០ និង បណ្តាឆ្នាំខាងមុខៗទៀតរបស់កម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជាឆ្នាំដែលមិនអាចធ្វើឱ្យមានបញ្ហាអគ្គិសនីនេះទៀតទេ៕