ចាប់ពីឆ្នាំ២០២០តទៅ កម្ពុជានឹងលែងខ្វះអគ្គិសនីប្រើប្រាស់ទៀតហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2019 ក+ ក-

ភ្នំពេញ ៖ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងអះអាងថា នៅឆ្នាំ២០១៩ នេះ កម្ពុជានៅខ្វះខាតឋាមពលអគ្គិសនី និងទឹកប្រើប្រាស់ តែចាប់ពីឆ្នាំ២០២០ តទៅ កម្ពុជា នឹងលែងខ្វះអគ្គីសនីប្រើប្រាស់ទៀតហើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ផែនការថាមពលសាធារណៈ (អគ្គិសនី) នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ទី នរិន្ទ មានប្រសាសន៍ថា “ក្នុងនាមខ្ញុំក្រសួងរ៉ែ និងថាមពល ខ្ញុំសន្យានៅទីនេះហើយថា នៅឆ្នាំនេះ ឆ្នាំ២០២០ ហើយបន្ដទៀត មិនកើតទៀតទេ ព្រោះយើងរៀនសូត្រនៅថ្ងៃនេះ ពីគ្រោះរាំងស្ងួត” ។

លោក ទី នរិន្ទ បានបន្ថែមថា កាលពីឆ្នាំ២០១៨ កម្ពុជាបានប្រើប្រាស់អគ្គិសនី សរុប ៩៣០០លានគីឡូវ៉ាត់ម៉ោង ពោលគឺ២៥,៥លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។ កំណើននៃការប្រើប្រាស់ កើនឡើងយ៉ាងគំហុក ចាប់ពីខែមករា និងខែកុម្ភៈកន្លងមក ដោយឈានដល់ ៣១លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។

គួររំឭកដែរថា តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងខែ មីនា-មេសា-ឧសភា ឆ្នាំ២០១៩ នេះ អាកាសធាតុនៅទូទាំងកម្ពុជា នឹងឡើងកម្តៅខ្លាំង ក្នុងនោះសីតុណ្ហភាពនឹងឡើងកម្តៅចន្លោះពី ៤០អង្សា ដល់៤២អង្សាសេ ដែលនាំឲ្យមានគ្រោះរាំងស្ងួតហួតហែង៕