កម្ពុជាគ្រោងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តាមទម្រង់វិនិយោគ BOT
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើនិយាយពីវៀតណាម ធ្វើផ្លូវច្រើនណាស់ ផ្លូវជាតិដែលពីមុនតូចៗ ឥឡូវវៀតណាម ពង្រីកទៅជាផ្លូវហាយវេអស់ហើយ។ អ៊ីចឹង ! យើងត្រូវតភ្ជាប់ជាមួយវៀតណាម ពីភ្នំពេញ ទៅបាវិត ខេត្តស្វាយរៀង ថែមទៀត»។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញពីបំណងចង់ឱ្យមានការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) តាមរូបភាព សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

បើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជុន បានឱ្យដឹងកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថា ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាប្រមាណ ៣៨០០លានដុល្លារ។

រដ្ឋមន្រ្តីរូបនេះ បានគូសបញ្ជាក់ថា ការចំណាយយ៉ាងច្រើន ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់ ៨០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

គួរជម្រាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលមានចម្ងាយផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។ តែទោះជាយ៉ាងណាក្តី ក៏មកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់ប្រកាសជាផ្លូវការពីកាលបរិច្ឆេទនៃការចាប់ផ្តើមគម្រោងនេះ នៅឡើយទេ៕