ខឹងបាត់លុយ២ម៉ឺនរៀល ចាក់សាំងដុតក្មេងរលាកមួយចំហៀងខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2019 ក+ ក-

សៀមរាប ៖ ស្ដ្រីតែងខ្លួនជាប្រុសម្នាក់ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន បានហើយ ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។

ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមីនា នេះថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី (តែងខ្លួនជាប្រុស) ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជាមួយគ្នា។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាពបែបនេះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន ២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។

ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។ ដោយឡែក សម្រាប់ជនបង្កសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៣ មីនា នេះ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕ ដោយ ៖ សុផល