សម្តេចតេជោ ព្រមានដ​កតំណែងប៉េអឹមខេត្តក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រាប់ទៅមេប៉េអឹមខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូនឲ្យចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ព្រះរាជអាជ្ញា បើសិនមិនចង់អស់តំណែង។ សម្តេចបានថ្លែងបែបនេះ នៅក្រោយពេលព្រះរាជអាជ្ញាខេត្តកំពង់ចាមបានចេញដីកាបញ្ជាឲ្យកូនប្រុសមេប៉េអឹមខេត្តក្រចេះ ចូលខ្លួនបំភ្លឺមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្នុងករណីវាយ និងដកកាំភ្លើងភ្ជង់ភាគីក្នុងជម្លោះមួយកាលពីពេលថ្មីៗនេះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “….ខ្ញុំផ្ដាំទៅមេប៉េអឹមខេត្តក្រចេះ ផង បញ្ចុះបញ្ចូលកូន ឲ្យមកតាមការកោះហៅព្រះរាជអាជ្ញាខេត្តកំពង់ចាម មក។ វាអត់ទាន់មានរឿងអីទេ។ ប៉ុន្ដែបើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិ បណ្ដេញចោលតែប៉ុណ្ណឹង……”។

សូមបញ្ជាក់ថា រូបភាពវីដេអូមួយ ត្រូវបានគេបង្ហោះជាសាធារណៈកាលពីពេលថ្មីនេះ បង្ហាញពីសកម្មភាពរបស់មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ សាន្ត សុខុម បានធ្វើការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេត មួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ វីដេអូ ៤ឃ្លីប ដែលមានរយៈពេលជាង ២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបង្ហាញពីមន្រ្តីអាវុធហត្ថរូបនេះ បានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន ដែលនាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook។

សម្ដេចនាយករដ្ឋមន្រ្តី បានចោទសួរមេប៉េអឹមខេត្តក្រចេះ ថា ៖ “តើកូនរបស់លោកបានកាំភ្លើងមកពីណា? តើវាមានសិទ្ធិកាន់កាំភ្លើងទេ? ដូច្នេះ មេប៉េអឹមខេត្តក្រចេះ ត្រូវចូលមកសម្របសម្រួល កុំយកឋានៈ និងតួនាទី ទៅបិទបាំងនូវអំពើអាក្រក់របស់កូន ហើយមិនប្រាកដថា អាក្រក់ទេ ដូច្នេះតុលាការកោះហៅ គឺត្រូវតែមក……”។

ស្រដៀងគ្នានឹងករណីមុនៗដែរ ហើយក៏មិនមែនជាលើកទីមួយទេ ដែលសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានប្រកាសជាសាធរណៈពីការចាត់វិធានការយ៉ាងម៉ឺងមាត់ចំពោះមន្ត្រីទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នរដ្ឋ រាជរដ្ឋាភិបាល ជាពិសេសេគឺប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ធ្លាបបានក្រើនរំលឹកថា ដល់ពេលដែលត្រូវអនុវត្តន៍អភិក្រមទី៥ ហើយ៕