នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យស្ថានីយទូរទស្សន៍ចាក់បញ្ចាំងរឿង «ប៉ាវចិន» ឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2019 ក+ ក-

ភ្នំពេញ ៖ គ្រប់ស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា ត្រូវបានសម្តេ​ចតេជោស្នើឲ្យចាក់ផ្សាយឡើងវិញរឿងភាគចិន «តុលាការមុខដែក» ដែលមានតួអង្គសម្តែងឈ្មោះ ប៉ាវចិន ដោយសម្តេចយល់ថា នោះវាជាការល្អប្រសើរណាស់ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបានប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ សម្តេចបានមានប្រសាសន៍ថា ៖ ប្រសិនបើទូរទស្សន៍គ្រប់ប៉ុស្តិ៍ចាក់ផ្សាយរឿងភាគតុលាការមុខដែក ( ប៉ាវចិន ) មួយភាគៗនៅរៀងរាល់យប់មុនចូលដេកគឺជាការល្អណាស់ ព្រោះរឿងនេះបង្ហាញពីការស្វែងរកយុត្តិធម៌សង្គមជូនប្រជាពលរដ្ឋ ។

សម្តេចបានមានប្រសាសន៍គាំទ្រ និងជំរុញការកែទម្រង់តុលាការឱ្យមានប្រសិទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ឱ្យបាន គឺល្អណាស់។ ក្នុងនោះសម្តេចបានលើកឡើងថា ការកាត់ក្តីផ្តល់យុត្តិធម៌របស់ប៉ាវចិន គឺមានកាំបិត ៣ប្រភេទ៖ គឺ ១. កាំបិតក្បាលឆ្កែ សម្រាប់ចោរប្លន់ ២. កាំបិតក្បាលខ្លា សម្រាប់មន្រ្តី និង៣. កាំបិតក្បាលនាគ សម្រាប់រាជវង្ស។ តាមរយៈការមើលឃើញ និងស្តាប់សវនាការកាត់ក្តីរកយុត្តិធម៌ក្នុងរឿងប៉ាវចិន គឺនឹងធ្វើឱ្យមន្រ្តីយុត្តិធម៌កាន់តែយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន៕