កម្ពុជាចំណាយជាង១៥លានដុល្លារ ទិញរថពាសដែកសម្រាប់ទ័ពមួកខៀវទៅប្រទេសម៉ាលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាចំនួនជាង១៥លានដុល្លារអាមេរិក ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិ ទិញរថពាសដែក ដើម្បីការពារកងទ័ពមួកខៀវរបស់កម្ពុជា ដែលកំពុងបេសកកម្ម រក្សាសន្តិភាពនៅប្រទេសម៉ាលី។ សម្តេចតេជោបញ្ជាក់ថា កម្ពុជាកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមរក្សា សន្តិភាពជាលក្ខណៈអន្តរជាតិ។

ថវិកាប្រមាណ១៥លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាបញ្ចេញ ដើម្បីទិញរថពាសដែល ស្របតាមការចង់បានរបស់អង្គ ការសហប្រជាជាតិ ដែលចង់ឲ្យមានការបំពាក់រថពាសដែកទៅកាន់ប្រទេសម៉ាលី ដើម្បីធានាសុវត្ថិភាពជូនកងកម្លាំងមួកខៀវកម្ពុជា។

បន្ទុកក្នុងការចំណាយទិញរថពាសដែកនេះបានធ្លាក់មកកម្ពុជា ដោយសារអង្គការសហប្រជាជាតិ មានវិបត្តិថវិកា។ កម្ពុជាមិនអាចដកកម្លាំងទ័ពរបស់កម្ពុជា ដោយគ្មាន ការទទួលខុសត្រូវ ហើយក៏មិនទុកឲ្យកងទ័ពរបស់កម្ពុជា មិនមានអ្វីសម្រាប់ ការពារខ្លួននោះដែរ។ សម្តេចតេជោ បង្ហាញនូវមោទនភាពចំពោះកងកម្លាំង មួកខៀវរបស់កម្ពុជា ដែលមានសមត្ថភាពកាន់តែប្រសើរក្នុងកិច្ចការរក្សាសន្តិភាពលើឆាកអន្តរជាតិ។

កាលពីសប្តាហ៏មុនេះ កងវិស្វកម្មលេខ៩៦៣ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន ពីសាធារណរដ្ឋលីបង់។ គួរកត់សំគាល់ដែរថា កម្ពុជាទទួលបានលំដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់ តំបន់បេសកកម្ម។

ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនសរុបចំនួន ៥៩៦៩នាក់ ក្នុងនោះ មាននារី ចំនួន២៩០ នាក់ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ាលើជំនាញបោស សំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ តម្រួតសណ្តាប់ធ្នាប់ មន្ទីរពេទ្យកំរិត២វិស្វកម្ម ព្រលានយន្តហោះ និងកំទេចគ្រាប់មិនទាន់ផ្ទុះ។

ប្រទេសដែលកម្ពុជា ក៏បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី៕