រដ្ឋបាលរាជធានី ចាប់យកថ្លៃសេវាកាណូតដឹកអ្នកដំណើរសាធារណៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានី បានកំណត់តម្លៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូតសាធារណៈរបស់រដ្ឋ ចំនួន ២ពាន់រៀល ក្នុងមួយនាក់/១លើក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ។

តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា គោលការណ៍ជិះកាណូតដោយមិនបង់ប្រាក់នោះ បានផុតកំណត់ហើយ ជាមួយគ្នានេះ ករណីលើកលែងមិនគិតតម្លៃសេវា គឺអនុវត្តដូចសេវារថយន្តក្រុង (City Bus)ផងដែររួមមាន៖ ព្រះសង្ឃ ជនពិការ សិស្ស និស្សិត ចាស់ជរាអាយុចាប់ពី ៧០ឆ្នាំឡើងទៅ កុមារមានកម្ពស់ក្រោម ១ម៉ែត្រ (មកជាមួយឪពុកម្តាយ ឬអាណាព្យាបាល) កម្មករ កម្មការិនី កីឡាករ កីឡាការិនីអាជីព និងលោកគ្រូ អ្នកគ្រូ នៃស្ថាប័នរដ្ឋ។
សេចក្តីជូនដំណឹងដដែលនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសេវាកាណូតដឹកជញ្ជូនអ្នកដំណើរពីសួនច្បារឫស្សីកែវ ដល់ក្រុងតាខ្មៅ ដោយបានចាប់ដំណើរការពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ហើយបានអនុញ្ញាតឱ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ន៕