ឃាត់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់អ្នកទិញរថយន្តដោយសង្ស័យជាចោរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2019 ក+ ក-

ភ្នំពេញ ៖ សមត្ថកិច្ចបានឈានទៅចាប់ខ្លូនមនុស្សចំនួន៨នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីបាញ់សម្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួស ដោយសង្ស័យថា ជាចោរលួចរថយន្ត។ មនុស្សទាំង៨នាក់ ដែលត្រូវបានឃាត់ខ្លួន មានបីក្រុម គឺក្រុមមន្ត្រីប៉ូលិសចំនួនបីនាក់ ម្ចាស់ឡានដែលប្តឹង អ្នកផ្តល់ព័ត៌មាន និងសន្តិសុខនៅបេនឡានទួលខ្លូតរបស់ឧកញ៉ា ជឹម សុខ។ រីឯជនដៃដល់ដែលជាប៉ូលិសម្នាក់ទៀត បានរត់គេចខ្លួន (កូនឧកញ៉ា ជឹម សុខ)។

យោងតាមប្រភពលេចធ្លាយបានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួនទាំង៨នាក់មានដល់ទៅ៣ក្រុម។ ក្រុមទី១.គឺភាគីម្ចាស់ឡានអ្នកលក់, ក្រុមទី២. ដៃជើងបក្ខពួកមេការលោកឧកញ៉ាជឹម សុខ និង ក្រុមទី៣.សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ។

សូមរំលឹកថា ករណីស្ទាក់បាញ់សម្លាប់ជនសង្ស័យ បានកើតឡើងកាលពីម៉ោង ១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះដែលត្រូវបានគេសង្ស័យថា ជាចោរលួចរថយន្តនោះ គ្មានអាវុធនៅក្នុងខ្លួនទេ ប៉ុន្តែពេលដែលឈប់រថយន្ត គឺត្រូវប៉ូលិសដែលជាជនដៃដល់បាញ់យកតែម្តង។

ប្រភពព័ត៌មានបានរំលឹកហេតុការណ៍នោះថា ក្នុងពេលកើតហេតុ កូនលោកឧកញ៉ា ជឹម សុខ និងក្មួយ រួមទាំងមេប៉ុស្តិ៍កំពង់ សឹង ដេញ ស្ទាក់បាញ់សម្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃ និងរបួសម្នាក់ នៅស្រុកបាភ្នំ ដោយចោទថា ចោរលួចឡាននោះ គិតមកដល់យប់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ការស្រាវជ្រាវបានឈានដល់ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៨នាក់។ ក្នុងនោះរួមមានម្ចាស់ឡាន ដែលផ្ដល់ព័ត៌មានកុហកថាចោរលួច។ អ្នកប្ដឹង អ្នកទទួលបណ្ដឹង អ្នករួមដំណើរ អ្នកដឹកនាំកម្លាំង រួមទាំងជនដៃដល់ម្នាក់ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀត ជាកូនលោកឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។

យោងតាមឯកសារមួយចំនួនដែលយើងខ្ញុំទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមីនានេះ បានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួនរួមមានទី១.ឈ្មោះ សេង ឈិន ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន។២.ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ។៣.ឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្នជាជាងជួសជុលឡាននៅភ្នំពេញដែលជួលរថយន្តនោះឲ្យទៅជនជាតិចិននិងជាម្ចាស់ដើម។៤.ឈ្មោះ វ៉ែន ប៊ុនសារៈ អ្នករួមដំណើរ។៥. លោកអនុសេនីយ៍ឯក ជា ឡាឌីន មេប៉ុស្តិ៍កំពង់សឹង ជាអ្នកដឹកនាំកម្លាំងនិងផ្ដល់មធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស។៦.ឈ្មោះ អ៊ូ ប៊ុតទីឃីយ៉ាត់ ជាមេការបេនទួលខ្លូត របស់លោកឧកញ៉ាជឹមសុខ។៧.អនុសេនីយ៍ទោ ជឹម វិន មន្ត្រីប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ត្រូវជាក្មួយលោកឧកញ៉ាជឹមសុខ និងជាជនដៃដល់។និងទី៨ ភាព ផានី ជាពលរដ្ឋដែលផ្ដល់ព័ត៌មានមកប៉ុស្តិ៍ថា ចោរលួចឡាន។ ដោយឡែកខ្មាន់កាំភ្លើងឈ្មោះ ជឹម រតនៈ ប្រធានផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្ដេច ត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។

បុរសដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរជាមួយជនសង្ស័យឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរងរបួស និងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

លោក នេត សាវវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ថា មន្ត្រីប៉ូលិសដែលរត់គេចខ្លួននេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ គឺកំពុងតែតាមរកយ៉ាងយកចិត្តទុកដាក់៕