អគ្គនាយកពន្ធដារ ៖ ការប្រមូល​ពន្ធបានជោគជ័យផ្តើមចេញពីការកែទម្រង់ដ៏មុតស្រួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2019 ក+ ក-

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារថ្លែងថា ជោគជ័យនៃការ ប្រមូលចំណូលពន្ធបានកើនលើសផែនការនាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានកើតចេញពី មុខងារស្នូលនៃការកែទម្រង់មុតស្រួចដូចជា ការងារចុះបញ្ជី ការងារផ្តល់សេវា ការរៀបចំដាក់ លិខិតប្រកាស ការកែលម្អធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និង បណ្តឹងតវ៉ាជាដើម។

ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា លើការប្រមូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច្ច នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ មានប្រសាសន៍ថា ទាក់ទងនឹងការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ គឺបាន កើតចេញពីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ជាពិសេសយុទ្ធ សាស្រ្តស្នូលស្តីពីអភិបាលកិច្ចល្អ និង ការអនុវត្តន៍តាមប្រព័ន្ធកម្មវិធីកែទម្រង់សាធារណៈ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តទាំងនោះ គឺជាផែនការមុតស្រួច និង ជាផែនការស្នូលសម្រាប់ការអនុវត្តន៍របស់អគ្គនាយកដ្ឋានពន្ធដារ។ ផ្អែកតាមយុទ្ធសាស្ត្រនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំនូវគោលនយោបាយរបស់ខ្លួនដូចជា យុទ្ធសាស្រ្តគៀងគរ ចំណូលរយៈពេលមធ្យម និង បានរៀបចំគោលនយោបាយ និង រដ្ឋបាលសារពើពន្ធ ដែលមានផែនការយុទ្ធសាស្រ្ត និង ផែនការប្រតិបត្តិច្បាស់លាស់នៅក្នុងការងារកែទម្រង់ ទើបធ្វើឲ្យការប្រមូលចំណូលកើនលើសផែនការនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបានកើត ចេញពីមុខងារស្នូលនៃការកែទម្រង់មុតស្រួចដូចជា ការងារចុះបញ្ជី ការងារផ្តល់សេវា ការរៀបចំចាត់ចែងដាក់លិខិតប្រកាស ការកែលម្អការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និង រៀបចំបណ្តឹងតវ៉ាផ្សេងៗ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតរដ្ឋ ជាប យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរ ចំពោះ ការរីកច្រើនរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការអនុវត្តន៍ការប្រមូលចំណូលលើស ផែនការ។ លោកថា ចំពោះការប្រមូលចំណូលពន្ធនេះដែរ ប្រទេសជិតខាង រួមមាន ប្រទេសឡាវ វៀតណាម និង មីយ៉ាន់ម៉ា ឬក៏ភូមា ក៏បានកោតសរសើរដល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសវិស័យពន្ធដារ ដែលបានខិតខំប្រមូលចំណូលបានយ៉ាងល្អតាម ផែនការរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារឲ្យដឹងថា នៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ សរុបមាន ចំនួនជាង ៨៧៩១ ប៊ីលានរៀល ត្រូវប្រមាណជាង ២១៩៧ លានដុល្លារអាមេរិក ស្មើនឹង ១១៤,២៧% នៃផែនការប្រចាំឆ្នាំ ក្នុងនោះទំហំចំណូលលើសផែនការមានចំនួនជាង ១០៩៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២៧៤ លានដុល្លារ៕