ស្ពានជ្រោយចង្វារចាស់ គ្រោងដាក់ឲ្យចរាចរណ៍ថ្ងៃទី៣ មេសា នេះ បន្ទាប់ពីជួសជុលជាង២ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2019 ក+ ក-

ភ្នំពេញ ៖ ស្ពានជ្រោយចង្វារចាស់មិត្តភាព កម្ពុជា ជប៉ុន គ្រោងដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវកលារឡើងវិញនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះបន្ទាប់ពីបានដំណើរការជួសជុលអស់រយៈពេលជិត ២ឆ្នាំរួចមក។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានអះអាងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានជួសជុលសព្វគ្រប់អស់ហើយ រង់ចាំតែថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញប៉ុណ្ណោះ ហើយបើតាមគម្រោង នឹងសម្ពោធដាក់ឱ្យដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

សូមជម្រាបថា ស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

គួររំលឹកថា ស្ពាននេះ បានរងការខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ៕