សម្តេចនាយករដ្ឋមន្ត្រី ៖ កម្ពុជាអាចនឹងនាំយកនាវាអគ្គិសនីតួគីមកប្រើប្រាស់ដោយចៀសមិនរួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការ ដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាអគ្គិសនី ដោយយើងបានសុំទៅប្រទេសថៃ ឡាវ និង វៀតណាម ឱ្យជួយបង្កើនទំហំនៃការផ្គត់ផ្គង់មកឱ្យកម្ពុជា ហើយថា ចំពោះការនាំយកនាវា ផលិតអគ្គិសនីពីប្រទេសតួគីដែលដើរដោយប្រេងខ្មៅ មានថាមពល ២០០មេហ្គាវ៉ាត់ ចូលមក ភ្នំពេញនោះ គឺជារឿងដែលមិនអាចចៀសរួចឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ មីនានេះមានប្រសាសន៍ថា យើងកំពុងជួបវិបត្តិអគ្គិសនីប្រើប្រាស់ យើងបានព្យាករណ៍ទុកខុសអំពីរឿងនេះ ខុសដោយ សារការវិនិយោគបានកើនឡើងខ្ពស់ដែលយើងមិននឹកស្មានដល់ ក្នុងនោះការវិនិយោគក្នុង វិស័យសំណង់បានកើនឡើងខ្ពស់ ដែលការងារសាងសង់នេះគឺត្រូវការប្រើប្រាស់ថាមពលអគ្គិសនីច្រើនណាស់។

ដោយឡែកទាក់ទងទៅនឹវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ថា ការពង្រឹងគុណភាពអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំ បណ្តុះ បណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ ជាពិសេសការពង្រឹងជំនាញបច្ចេកទេសដល់យុវជនសំដៅធានាថា យុវជនម្នាក់មានជំនាញ បច្ចេកទេសមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ រួម ចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិ។

បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡាថា វិស័យអប់រំកំពុងមានសភាពល្អប្រសើរឡើងខ្លាំង។ ល្អប្រសើរឡើង ខ្លាំងទាំងគុណភាពអប់រំ ទាំងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យអប់រំ ស្របទៅនឹងនិន្នាការនៃអភិវឌ្ឍ របស់ប្រទេសកម្ពុជា និង ស្របទៅនឹងកំណែទម្រង់ក្នុងវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និង កីឡា៕