រថយន្តដឹកចំណីសត្វបើកកុងតឺន័រឆ្លងផ្លូវរួញកាប៊ីនរបួស៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2019 ក+ ក-

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកចំណីសត្វមួយគ្រឿង បានបើកបោះពួយក្នុងល្បឿន លឿនជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលអោយ រថយន្តដឹកចំណីសត្វស្រុញមុខ ខ្ទេចកាប៊ីន រងរបួសធ្ងន់ស្រាលចំនួន៣នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

អ្នករងរបួសក្នុងគ្រោះថ្នាក់នេះ ១ .ឈ្មោះពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,២. ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង៣.ឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកបើកបរ។ចំណែកអ្នកបើកបររថយន្តកុងតឺន័របានគេចខ្លួនបាត់។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 ដឹកចំណីសត្វបើកបរក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មានរថយន្តកុងតឺន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871 បើកចេញពីឃ្លាំងឆ្លងកាត់ទទឹងផ្លូវ បំណងបត់ទៅទិសខាងត្បូង ។ដោយសាតែល្បឿនលឿន រថយន្តដឹកចំណីសត្វ ជ្រុលចង្កូតមកបុករថយន្តកុងតឺន័រដែលនៅទទឹងផ្លូវពេញទំហឹង បណ្តាលអោយកាប៊ីនរថយន្តខ្លួន ឯងស្រុញខ្ទេចមុខ បង្កអោយអ្នកបើកបរព្រមទាំងព្រូទាំងអស់៣នាក់រងរបួស ធ្ងន់និងស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ដោយឡែក អ្នកបើកបរ រថយន្ត កុងតឺន័រក៍បានរត់គេចខ្លួនបាត់។

រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលបញ្ចូនទៅកាន់ការិយាល័យ ចរារចណ៍ផ្លូវគោកដើម្បីម្ចាស់ចូលខ្លួន ដោះស្រាយ៕ ដោយ ៖ ស. ស.