ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ដែលស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានចំនួនពីរទីតាំង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនសរុបចំនួន ១៦៣នាក់ ក្នុងស្រីចំនួន៤០នាក់ និងរឹបអូសកុំព្យូទ័រប្រមាណ ១៥០គ្រឿង ដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ។
នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណេត (Internet Game online) ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។
ប្រភពដដែលនេះ បានបន្តថា សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យទាំងនោះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើនិតិវិធីបន្ត។
គួររំលឹកថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ ជនជាតិចិនជាង ៦០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ និងបញ្ជូនទៅប្រទេសចិនវិញ ក្រោយពួកគេបានប្រព្រឹត្តិបទល្មើសមួយចំនួនដូចជា ល្បែងស៊ីសងតាមអនឡាញ ជំរិតយកប្រាក់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ជាដើម៕
(រូបភាព ៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)