ភ្លើងឆេះអគារស្តុកសម្ភារៈរោងចក្រផលិតស្បែកជើង ជូហ៊ួយ នៅស្រុកជើងព្រៃ(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ អគ្គិភ័យដ៏កំណាចមួយបានឆាបឆេះបំផ្លាញអគាររោងចក្រផលិតស្បែកជើងមួយកន្លែង យីហោ« ជូហ៊ួយ» មានទីតាំងស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ក្នុងស្រុកជើងព្រៃ អស់ទាំងស្រុងនៅម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

មន្ត្រីនគរបាលបានឲ្យដឹងថា អគារ១ខ្នង និងសម្ភារមួយចំនួនរបស់រោងចក្រផលស្បែកជើងមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅថ្ងៃនេះ ប៉ុន្តែ គ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

លោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃ បានប្រាប់ឲ្យដឹងថា អគាររោងចក្រផលិតស្បែកជើង ជូហ៊ួយ ភ្លើងបានឆាបឆេះអស់នៅម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ហើយត្រូវបានអន្តរាគមន៍ពន្លត់ជាស្ថាពរវិញនៅម៉ោងប្រហែល ១០ព្រឹក ក្នងថ្ងៃដដែល។

មន្ត្រីនគរបាលរូបនេះ អះអាងថា គ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែ លោកថា មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំនៃខូចខាតនៃរោងចក្រនោះនៅឡើយទេ ហើយថា សមត្ថកិច្ចកំពុងស្រាវជ្រាវលម្អិតនៅឡើយ។

សមត្ថកិច្ច ឲ្យដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ មានចំនួន ១០គឿង នៅក្នុងនោះមានរថយន្តអគ្គីភ័យរបស់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ១គឿងផងដែរ និងបានប្រើប្រាសទឹកអស់ចំនួន ៣០រថយន្ត៕ ដោយ ៖ សុផល