ភ្នំពេញ ៖ នារីឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា ដែលបើករថយន្តបុកនិស្សិតឆ្នើមម្នាក់ស្លាប់ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ និងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ តែមួយបទល្មើសប៉ុណ្ណោះ គឺបើកបរធ្វេសប្រហែស ខ្ជីខ្ជារ បណ្ដាលឱ្យស្លាប់អ្នកដទៃ ផ្អែកតាមមាត្រា៨៥ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរ ដោយ ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ ចរាចរណ៌ផ្លូវគោកហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”។
សូមជម្រាបថា លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកវរសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយ ទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យតុលាការចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ចំពោះជនបង្ករូបនេះ ។
កញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ពណ៌ ខ្មៅបុកជនរងគ្រោះឈ្មោះ ឌុំ រីដា បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ។ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥.០០០ដុល្លារ។ បន្ទាប់មកលោក យិន ហ្គិច បាននាំកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុកនិស្សិតស្រីម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពីក្រោពេញទំហឹងប៉ើងដូចក្រដាស នៅចំណុចផ្លូវបំបែកជាបួនមួយកន្លែងក្នុងខណ្ឌទួលគោក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយបង្កហេតុភ្លាមៗ អ្នកបើករថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែដោយសារមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្ត រហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តនិងស្រាវជ្រាវរកឃើញនាពេលនេះ។
បើតាមមាត្រា៨៥ ដែលត្រូវបានតុលាការលើកយកមកធ្វើការចោទប្រកាន់នេះ នារី យិន ម៉ាណា នឹងប្រឈមការជាប់ពន្ធាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យប្រាក់ពី៤លាន ទៅ១៥លានរៀល៕