ភ្នំំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអគ្គិសនីកម្ពុជា កាត់ផ្តាច់ភ្លើងផ្ទះអ្នកដែលវិភាគថា «រដ្ឋាភិបាលធ្វើឱ្យដាច់ភ្លើង ដើម្បីយកលេសធ្វើវារីអគ្គិសនី» ដែលសម្តេចបានហៅថា ជាការវិភាគដែលមើលឃើញតែរាជរដ្ឋាភិបាលក្នុងផ្លូវអាក្រក់។
សម្តេចបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ថា ៖ «បើយើងស្គាល់វា កាត់ភ្លើងអាផ្ទះហ្នឹងហ្មង ឱ្យឯងដុតចន្លុះ ដើម្បីឱ្យឯងដឹង ថាវាខ្វះអគ្គិសនីមិនមែនយកហេតុផល ដើម្បីធ្វើវារីអគ្គិសនី។ វាថាយើងហ្នឹង ធ្វើឱ្យដាច់ភ្លើង ដើម្បីបង្កើតលេស បង្កើតវារីអគ្គិសនី»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា« បើទោះបីជាមានការវិនិយោគធ្វើវារីអគ្គិសនីបន្ថែមទៀត ក៏គ្មានកន្លែងធ្វើដែរ ហើយបើទោះជាធ្វើនៅក្បាលទឹក ក៏កន្លែងនោះខ្វះទាំងទឹកទៅទៀត។ ដោយឡែកនៅតំបន់អារ៉ែង សម្តេចបញ្ជាក់ហើយថា មិនឱ្យធ្វើវារីអគ្គិសនីដាច់ខាត»៕