ភ្នំពេញ ៖ លោក ផែង វណ្ណៈ ដែលជាអ្នកលេង Facebook ដ៏ល្បីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នូវការវិភាគមួយចំនួន ដែលនាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងឃាតកម្មលើលោក កែម ឡី។
បើតាមលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស ប៉េអឹមលើផ្ទៃប្រទេស បានបញ្ជាក់ថា លោក ផែង វណ្ណៈ ជាមន្ត្រីយោធានៅក្រសួងការពារជាតិ និងជាអ្នកលេងហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ ត្រូវបានប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនហើយ នៅព្រឹកថ្ងៃទី២ ខែមេសា នេះ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។
ការចាប់ខ្លួននេះ ក្រោយមានពាក្យបណ្តឹងរបស់លោក គី តិច ជាមេធាវីតំ៥ណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និង ចេតនាទុច្ចរិតពិតប្រាកដធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្តឹង និងធ្វើសំណូមពរឲ្យលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕