ភ្នំពេញ ៖ លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ត្រូវបានព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ហើយបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថវិញ ហើយគ្រោងបន្តសាកសួរបន្ថែមនៅថ្ងៃស្អែកទី៣ ខែមេសា។
ការនាំលោក ផែង វណ្ណៈ ទៅសួរ និងឈានដល់ការបញ្ជូនទៅតុលាការ គឺកើតឡើងក្រោយមានបណ្តឹងពីលោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលលោកមេធាវី បានបញ្ជាក់ឲ្យដឹងថា៖«គាត់មានចេតនាបរិហារកេរ្តិ៍ និង ចោទសម្តេច ថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី»។
គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោកប្រព្រឹត្តអំពើពុករលួយ ខណៈដែលលោក ផែង វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកនិស្សិតឆ្នើមកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។
លោក ផែង វណ្ណៈ បានសរសេរឆ្លើយតបលើបណ្តាញសង្គម ទៅលោក ពេជ្រ ស្រស់ ដោយភ្ជាប់រឿងនេះ ទៅនឹងសម្តេចតេជោដែលបានចូលបុណ្យសពលោក កែម ឡី ដោយលើជាសំណួរថា «ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី? »។ ក្រៅបណ្តឹងនេះ លោក ផែង វណ្ណៈ ក៏រងបណ្តឹងមួយទៀត ពីអង្គភាពព័ត៌មាន Fresh News ផងដែរ៕