ភ្នំពេញ ៖ ម៉ាស៊ីន និងឧបករណ៍ផលិតគ្រឿងញៀន ជាច្រើនត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបក្នុងទីតាំងមួយកន្លែង នៅខណ្ឌសែនសុខ តែម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។
មិនគួរឲ្យជឿទាល់តែសោះថា មានឧក្រិដ្ឋជនហ៊ានលួចផលិតគ្រឿងញៀនកណ្តាលក្រុងភ្នំពេញ
កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងស្ទូចយកម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនប្រភេទ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្ទះគ្មានលេខតាមបណ្តោយផ្លូវ ៣៧១សឡា ភូមិអូរបែកក្អមសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះចរាចរណ៏ដោយពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវ ៣៧១សឡា បាននាំគ្នាចោមរោមមើលហើយហួសចិត្តស្ទើរ តែមិនគួរឲ្យជឿថា ឧក្រិដ្ឋជនដែលជាម្ចាស់ទីតាំងខាងលើនេះហ៊ានអីក៏ហ៊ានយ៉ាងនេះ ដោយហ៊ានយកម៉ាស៊ីនផលិតគ្រឿងញៀនមកផលិតនៅទីសារធារណះជាប់នឹងផ្លូវធំ សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏ពុំបានដឹង។
នេះ សូមសរសើរហើយដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញទាន់ កុំអីមិនដឹងជាឧក្រិដ្ឋជនមានឱកាសផលិតចេញគ្រឿងគ្រឿងជាច្រើនគីឡូដើម្បីយកទៅចែកចាយបន្តបំពុលយុវជនដែលជាទំពាំងស្នងឬស្សីវង្វេងវង្វាន់អស់ប៉ុន្មាននាក់នោះទេ។
ជុំវិញករណីបង្រ្កាបទីតាំងផលិតគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនមិនអាចបញ្ជាក់ប្រាប់ថា បានដកហូតថ្នាំញៀនប៉ុន្មានគីឡូនោះទេ។ ដោយគ្រាន់តែបង្ហើបថាសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់មេក្លោងឲ្យបាននាពេលឆាប់ៗខាងមុខនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕