ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់ ៤០អង្សាសេ ដែលងាយនឹងរងគ្រោះដោយគ្រោះអគ្គីភ័យជាយថាហេតុ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពី ការបង្ការគ្រោះអគ្គីភ័យ ក្នុងរដូវប្រាំង ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ មេសានេះ។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា តាមការព្យាករណ៍ឧតុនិយមបានឲ្យដឹងថាអាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស ៤០ អង្សាសេ ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រមាណ២ ខែទៅមុខទៀត ដែលធ្វើឲ្យអាកាសធាតុក្តៅស្ងួតហួតហែងងាយនឹងបណ្ដាលឱ្យកើតគ្រោះអគ្គីភ័យជាយថាហេតុ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ ចំពោះដើមចមដែលអាចបង្កើតអោយមានគ្រោះអគ្គីភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការដុតសំរាម ដុតព្រៃចំការ វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ឬប្រើចរន្តអគ្គិសនី មិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់បង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យដែលធ្វើអោយមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យ ដែលធ្វើអោយបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។
ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំនឹងត្រូវរិះរកគ្រប់មធ្យោបាយ ឲ្យបានគ្រប់គ្រាន់ ក្នុងការបង្ការទប់ស្កាត់ការកើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ៕