ចាប់ខ្លួនបានហើយ ឃាតករសម្លាប់កាត់ក្បាលជនរងគ្រោះ២នាក់ ជីដូន និងចៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2019 ក+ ក-

កំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវ សម្លាប់កាត់ក្បាលជនរងគ្រោះ ២នាក់ មានម្នាក់ជា ជីដូន និងចៅស្រីម្នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចមកកម្លាំងសមត្ថកិច្ចរបស់ស្នងការខេត្ត និងកម្លាំងជំនាញ ជនជាតិបរទេសជាច្រើននាក់ បានចុះស្រាវជ្រាវពិនិត្យកោសល្យវិច័យ ស្លាកស្នាមយ៉ាងយកចិត្តទុក ដាក់ អស់រយៈពេល៤ថ្ងៃ ទីបំផុតឃាតករ ត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ។

ចំណែកជនរងគ្រោះទាំង២នាក់ ដែលត្រូវបានឃាតករកាត់ក្បាលយកទៅបាត់នោះ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅស្រីឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ករណីខាងលើជារឿងគំនុំ ឈានរហូតដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃ បែប នេះ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ ក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តនីតិវិធី៕