អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រៀមរៀបចំសុវត្ថិភាពឱកាសបុណ្យចូលឆ្នាំខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ស្តីពីការត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ផងដែរ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តកំពង់ចាម តែងតែរៀបចំកិច្ចប្រជុំដើម្បីលើកផែនការត្រៀមរៀបចំការងារមួយចំនួនសម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានដូចជា ការតុបតែងលម្អទីក្រុង រៀបចំសណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជន ការរៀបចំកម្មវិធីកម្សាន្តនានា ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីប្រជាពលរដ្ឋបាន ជួបជុំបងប្អូនសាច់ញាតិដោយក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕