ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ បានរងរបួសរយះកំភួនជើងឆ្វេង ដោយសារតែជនវ័យចំនាស់ប្រមឹកម្នាក់ បានរត់ដេញកាប់ប្រពន្ធមិនទាន់ ហើយងាកមកកាត់ក្មេងស្រីបណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី។
លោក ប៉ែន សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគីរីបានឱ្យដឹងថានៅមុនពេលកើតហេតុជនបង្ករ ឈ្មោះសូត្រ សេក អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹងហើយបានស្រែកឡូឡានិងដេញកាប់ប្រពន្ធ រត់ពេញភូមិ ។ប៉ុន្តែនៅពេលដេញកាប់ប្រពន្ធមិនទាន់ក៏ត្រឡប់បកក្រោយវិញស្រាប់តែឃើញជនរងគ្រោះឈ្មោះ ជ្រឿន គិមបួយ អាយុ ១៦ឆ្នាំ កំពុងអង្គុយលើជណ្តើ បានស្ទុះទៅកាប់ចំកំភួនជើងឆ្វេង បណ្ដាលឲ្យរងរបួសស្ទើរដាច់កំភួនជើងតែម្ដង។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋនិងប្រជាការពារក៏បានដេញចាប់ជនដៃដល់ប្រគល់ឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ។ចំណែកក្មេងស្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជលគីរី ។
ជុំវិញករណីខាងលើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនដៃដល់គឺផឹកស្រាស្រវឹងជេរនិងរករឿងប្រពន្ធជារៀងរាល់ថ្ងៃ៕