រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បញ្ជាឱ្យផ្អាកនីតិវិធិលើសំណុំរឿងទំនាស់ដីធ្លីរបស់លោកស្រី គង់ មាលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2019 ក+ ក-

ក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា ដើម្បីចៀសវាងបញ្ហាកាន់តែស្មុគស្មាញបន្ថែមទៀត ក្រសួងសូមលោកប្រធានសាលាដំបូងខេត្ដព្រះសីហនុ ពិនិត្យលទ្ធភាពបង្អង់ការ អនុវត្ដមួយអន្លើសិន រួចរាយការណ៍អំពីចំណាត់ការនៃការអនុវត្ដមកក្រសួង ដើម្បីក្រសួងមានវិធានការបន្ដ។

ការផ្ញើទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពីសំណាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ របស់លោកស្រី គង់ មាលា ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្នើឲ្យជួយអន្តរាគមន៍ចំពោះរឿងវិវាទនេះ, លោកស្រី គង់ មាលា បានរៀបរាប់ថា លោកស្រីបានខ្ចីប្រាក់លើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ពីធនាគារកាពីតាល់ចំនួន ៩៥០.០០០ដុល្លារ (កៅសិបប្រាំម៉ឺនដុល្លាអាមេរិក) ហើយក្រោយមក ក៏បានរៀបចំខ្ចីបន្ថែមលើកទី២ ចំនួន ៣៨០.០០០ដុល្លារ (សាមសិបប្រាំបីម៉ឺនដុល្លាអាមេរិក)ទៀត។ ផ្ទុយទៅវិញ ចំពោះចំនួនទឹកប្រាក់ ៣៨០.០០០ដុល្លារ លើកទី២នេះ គឺភាគីខាងធនាគារពុំបានទម្លាក់ជូនលោកស្រីទេ ពីព្រោះលោកស្រីមានទំនាស់ជាមួយភាគីធនាគារ ហើយស្រាប់តែក្រោយមកភាគីធនាគារ ក៏បានដាក់ពាក្យប្ដឹង ដោយទាមទារប្រាក់សរុបទាំងលើកទី១ និងទី២ ចំនួន ១.៣៣០.០០០ដុល្លារ (មួយលានសាមសិបបីម៉ឺនដុល្លារអាមេរិក) ទៅសាលាដំបូងរាជធានីភ្នំពេញតែម្ដង តាមសាលក្រមលេខ៧៧៤”ឍ”ភ.ព.រ.វ ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៥។ ចំពោះសាលក្រមនេះ លោកស្រីពុំអាចទទួលយកបាននោះទេ ហើយក៏បានប្ដឹងឧទ្ទរណ៍បន្ដទៀតផងដែរ ដោយមានការបោះត្រាចូលលេខ៣៩៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

ស្ថិតត្រង់ចំនួនទឹកប្រាក់លើកទី២នេះ ដែលពុំបានទទួលនេះ លោកស្រី គង់ មាលា បានបញ្ជាក់ថា លោកស្រីគឺអត់បានទទួលសែកដើម្បីបើកប្រាក់ ឬទទួលជាសាច់ប្រាក់សុទ្ធនោះទេ។ ហេតុនេះបើធនាគារចោទលោកស្រីថា បានទទួលប្រាក់លើកទី២នេះមែននោះ គឺសូមឲ្យភាគីធនាគារបង្ហាញភស្ដុតាង ពីព្រោះរាល់ការដកប្រាក់ពីធនាគារ គឺសុទ្ធតែមានមូលទានប័ត្រ។

លោកស្រី បន្ដថា ម្យ៉ាងទៀតចំពោះសំណុំរឿងអនុវត្ដដោយបង្ខំលេខ២៩ ចុះថ្ងៃទី២ ខែវិច្ជិកា ឆ្នាំ២០១៥នេះទៀតសោត គឺជារឿងអយុត្ដិធម៌បំផុតមកលើលោកស្រី ពីព្រោះសំណុះរឿងនេះគឺលោកស្រី ក៏ប្ដឹងឧទ្ទរណ៍ផងដែរ ហើយសាលាឧទ្ទរណ៍ ក៏ពុំទាន់កាត់ក្ដីនៅទ្បើយទេ។ ស្រាប់តែមានការអនុវត្ដដោយលួចលាក់ ដោយបង្ខំទៅវិញ។

ចំពោះការរឹបអូសអចលនទ្រព្យនេះផងដែរ ក៏លោកស្រី ពុំបានដឹង និងចូលរួមនោះទេ។ បើហេតុនេះ ចំពោះដីកាលេខ៥៤ តរ/១៨ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ គឺជាការមិនត្រឹមត្រូវនិងអយុត្ដិធម៌បំផុតមកលើលោកស្រី ពីព្រោះតម្លៃអចលនទ្រព្យ មានតម្លៃលើសលុបដែលតុលាការសម្រេច។ ម្យ៉ាងទៀត ចំពោះការចុះទៅអនុវត្ដរបស់ព្រះរាជអាជ្ញារងនេះទៀតសោត ក៏ជាការបំពាននឹងសេចក្ដីប្រកាសរបស់ក្រសួងយុត្ដិធម៌ផងដែរ ដែលការចុះអនុវត្ដនេះ គឺប្រៀបបាននឹងការចុះប្លន់ដីរបស់លោកស្រី អីចឹង!។

លោកស្រី គង់ មាលា ក៏បានសំណូមពរទៅក្រសួងយុត្ដិធម៌ ពិសេសសម្ដេចតេជោ ហ៊ុន សែន សូមមេត្ដាជួយរកយុត្ដិធម៌ជូនលោកស្រីផងដែរ។

ខាងក្រោមនេះជាលិខិតរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនប្រធានតុលាការខេត្តព្រះសីហនុ៖