ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ ដោយមិនគិតថ្លៃ រយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៩ ពោលគឺនៅមុន និងក្រោយចូលឆ្នាំខ្មែរ។
ពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង ៥កន្លះព្រឹក នៅគ្រប់ទីតាំងចេញដំណើរទៅតាមបណ្តាខេត្ត នានា មានដូចជា ៖
ផ្លូវជាតិលេខ១ សម្រាប់ចំណតចេញពីភ្នំពេញ ទៅខេត្តស្វាយរៀង និងខេត្ត ព្រៃវែង មានរថយន្ត ចំនួន១០គ្រឿង ចេញដំណើរនៅផ្លូវ ៦០ម៉ែត្រ ចំណុចមុខក្រុមហ៊ុន ម៉ែកសឺដេស ។
ផ្លូវជាតិលេខ ២ ពីភ្នំពេញ ទៅខេត្តតាកែវ មានរថយន្តចំនួន ៥គ្រឿង ចេញដំណើរនៅផ្លូវ៦០ ម៉ែត្រ ចំណុចមុខក្រុមហ៊ុន ម៉ែកសឺដេស។
ផ្លូវជាតិលេខ ៣ ចេញពីភ្នំពេញ ទៅខេត្តកែប និងខេត្តកំពត មានរថយន្តចំនួន ១០គ្រឿង ចេញដំណើរនៅចំណុច មុខផ្សារ សិនជូរីផ្លាហ្សា។
ផ្លូវជាតិលេខ ៤ ចេញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរថយន្ត១០ គ្រឿង ចេញដំណើរនៅចំណុច មុខផ្សារ សិនជូរីផ្លាហ្សា។
ផ្លូវជាតិលេខ ៥ ចេញពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង មាន រថយន្ត ៤៥ គ្រឿង ចេញដំណើរនៅចំណុច សួនច្បារ ឫស្សីកែវ។
ផ្លូវជាតិលេខ ៦ ចេញពីភ្នំពេញ ទៅខេត្តកំពង់ធំ និងខេត្តសៀមរាប មានរថយន្ត ២០គ្រឿង ចេញដំណើរនៅចំណុច រង្វង់មូលទេពមច្ឆាជ្រោយចង្វារ។
ផ្លូវជាតិលេខ ៦ និងលេខ ៧ ចេញពីភ្នំពេញ ទៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ មានរថយន្ត ១០គ្រឿង ចេញដំណើរនៅចំណុច មុខរាជាយស្ម័យានភ្នំពេញ។
ផ្លូវជាតិលេខ ៨ ចេញពីភ្នំពេញ ទៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានរថយន្ត១០គ្រឿង ចេញដំណើរនៅចំណុច មុខរាជាយស្ម័យានភ្នំពេញ។
ជាមួយគ្នានេះ ការធ្វើដំណើរតាមកាណូតដឹកអ្នកដំណើររបស់រដ្ឋពីព្រែកព្នៅ ទៅដល់ក្រុងតាខ្មៅ ខេត្តកណ្តាល និងការធ្វើដំណើរតាមខ្សែរថភ្លើង ក៏ត្រូវបានអនុញ្ញាតឲ្យជិះដោយមិនបាច់បង់ប្រាក់ ដូចគ្នាដែរ នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នេះ៕