ខេត្តកណ្តាល ៖ ផ្ទុះធុងហ្គាសឆេះរថយន្ត GS470 និង RX330 រួមទាំងអ្នកបើកបរម្នាក់ រលាកពេញខ្លួនប្រាណ និងរាលដាលឆាបឆេះផ្ទះលក់គ្រឿងជ័រ មួយកនលែងទៀត ផ្អើលដល់សមត្ថកិច្ច និងឡានទឹកចេញអន្តរាគមន៍ នៅចំនុច មាត់ស្ទឹងក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណ ២ រសៀលថ្ងៃទី១២ ខែមេសា នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) ។
បើតាមព័ត៌មាន បឋមនៅកន្លែងកើតហេតុ មានករណីផ្ទុះធុងហ្គាសដែលបំពាក់នៅផ្នែកខាងក្រោយនៃរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS470 បណ្តាលអោយភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យបុរសម្នាក់ជាតៃកុងរថយន្តនេះ បានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ និងឆេះរាលដាលខូចខាតរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX330 ពាក់ស្លាកលេខកណ្តាល 2B-1385 និងម៉ូតូមួយគ្រឿងទៀត ព្រមទាំងរៀលដាលដល់ផ្ទះលក់សម្ភារៈក្មេងលេង(គ្រឿងជ័រ) មួយកន្លែងផងដែរ។ ភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមជាមួយប្រជាពលរដ្ឋ ចេញជួយអន្តរាគមន៍ និងជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ មនុស្សដែលត្រូវឆេះរលាកពេញខ្លួនប្រាណនោះ កំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលក្ខណៈបឋម តាមជាក់ស្តែងសិនប៉ុណ្ណោះ ដោយកំពុងរងចាំរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ៕