ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុកឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ថា កម្លាំង នគរបាលរបស់លោក បានចាប់ខ្លូនមនុស្សចំនួន ៦នាក់ថ្មីទៀត ខណៈដែលពួកគេ បានដឹកនាំ និង ចូលរួមយកដុំថ្ម និងមែកឈើ ទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល ១ម៉ោង នៅព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នេះ និងបានប្រើហិង្សាទៅលើមន្ដ្រីនគរបាល និង ប្រជាការពារ នៅ ពេលដែលកងកម្លាំង បានចុះទៅអន្ដរាគមន៍ស្នើពួកគេបើកផ្លូវជាតិលេខ៤នៅចំនុច ឃុំបិតត្រាំង ក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្ត បញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សទាំង ៦នាក់ ខណៈមនុស្ស២នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ មេសា សរុបរហូតដល់ពេលនេះ ឃាត់ខ្លួនចំនួន៨នាក់ហើយ ។ លោកឧត្តមសេនីយ៍ស្នងការបានចាត់ទុកថា នេះគឺជាបទល្មើសព្រហ្ម ទណ្ឌ ដែលមិនអាចលើកលែងឲ្យបាន នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលកម្លាំងរបស់យើង និង ប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវជាតិស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បាន គប់ដុំថ្មទៅលើពួកគេបណ្ដាលឲ្យមន្ដ្រីនគរបាល ៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ ៣គ្រឿង បានរងការខូចខាតផងដែរ។
សូមបញ្ជាក់ថា នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាបិទផ្លូវជាតិលេខ៤ដោយ សារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់ញជាង ៦០០ខ្នង ដែលអាជ្ញាធរអះអាងថា ជាភាពអនា ធិបតេយ្យ ខុសច្បាប់ សង់លើដីមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវពិតប្រាកដ។
ជាមួយគ្នានេះ ចំពោះហេតុការណ៍នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ រួមមាន ៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសក្នុងកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលឲ្យរង របួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខ របរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ដែលជាថ្ងៃទីពីរ នៃការតវ៉ាបិទផ្លូវជាតិលេខ៤ គេសង្កេត ឃើញក្រុមសមត្ថកិច្ចដែលចុះអន្តរាគមន៍ បានបញ្ចេញសកម្មភាពទន់ភ្លន់អត់ធ្មត់ បើទោះបីជាមាន ការវាយប្រហារហិង្សាដោយពាក្យសម្តីជេប្រមាថ គប់ដុំថ្ម បណ្តាលឲ្យរងរបួសបែកក្បាលហូរ ឈាម ជោកខ្លួនយ៉ាងណាក៏ដោយ ដែលខុសពីករណីមុនៗក្នុងស្ថានភាពស្រដៀងគ្នានេះដែរ៕