ជន៨នាក់ក្នុងក្រុមតវ៉ាបិទផ្លូវជាតិ លេខ ៤ នៅស្រុកព្រៃនប់នឹងបញ្ជូនទៅតុលាការនៅដើមសប្តាហ៍ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2019 ក+ ក-

​ខេត្តព្រះសីហនុ ៖ សំណុំរឿងជនសង្ស័យ៦នាក់ ដែលគប់ដំថ្មបណ្តាលឲ្យកម្លាំងសមត្ថកិច្ចរងរបួស នឹងត្រូវបញ្ជូនទៅតុលាការ មិនឲ្យលើសពី៤៨ម៉ោងឡើយ ក្រៅពីជនសង្ស័យ៦នាក់ នេះ នៅមាន ពលរដ្ឋ២នាក់ទៀតដែល ដែលដឹកនាំការបិទកំណាត់ផ្លូវជាតិលេខ៤ ក៏ត្រូវបញ្ជូនទៅតុលាការជាមួយគ្នានោះដែរ។ នេះបើតាម ការអះអាងបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នង ការនគរបាលខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២០ ខែមេសា ម្សិលមិញ នេះថា សមត្ថកិច្ចកំពុងពិនិត្យលើសំណុំរឿងពួកគេទាំង ៨នាក់នោះ ថាតើនឹងត្រូវទទួលការចោទប្រកាន់កម្រិតណា មុនបញ្ជូនពួកគេទៅតុលាការ ។ ការចោទប្រកាន់នេះស្ថិត នៅក្នុងសំណុំរឿង រារាំងប្រតិបត្តិការណ៍របស់សមត្ថកិច្ច និងគប់ដំថ្ម បណ្ដាលឲ្យសមត្ថកិច្ច៦នាក់រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍បិទកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ចំនួនពីរថ្ងៃជាប់ៗគ្នា។

សូមរំលឹកថា ប្រជាពលរដ្ឋជាង១០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមេសា បាននាំគ្នាតវ៉ាសាជាថ្មី ដោយយកដំថ្មធំៗនិងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍។ មូលហេតុដែលពលរដ្ឋនាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់របស់ពួកគាត់ ជាង៦០០ខ្នង នៅចំណុចកើតហេតុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ជាសំណង់ដែលអាជ្ញាធរអះអាងថា សង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ។

យ៉ាងណាក៏ដោយ អាជ្ញាធរតត្រូវបានគេរិះគន់ថា នៅពេលដែលមានពលរដ្ឋចាប់ផ្តើមសាងសង់ខ្ទម ឬសំណង់នានាពីដំបូងទី ហេតុអ្វីក៏អាជ្ញាធរមិនចុះធ្វើការហាមឃាត់ភ្លាមៗ ទុកដល់សំណង់នោះ កើតឡើងរហូតដល់ជាង៦០០ខ្នងទើបភ្ញាក់ផ្អើល ហើយចុះរុះរើបង្កឲ្យមានអំពើហិង្សា ព្រោះមិន មែនជាលើកទីមួយទេនៅខេត្តព្រះសីហនុ ដែលមានករណីស្រដៀងគ្នានេះ៕