ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានព្រមានម្ចាស់គណនីហ្វេសប៊ុកចំនួនពីរគឺ ប៊ូ សាអែម និង Zey Neang មិនឲ្យបន្តការផ្សាយលក់ផលិតផលគ្រឿងសម្អាងរបស់ខ្លួនជាបន្តទៀតឡើយ បើមិនដូច្នេះ ទេ ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់។ ការហាមឃាត់នេះ បានធ្វើឡើងនៅក្រោយ ពេលដែលក្រសួងបានចុះត្រួតពិនិត្យពីគុណភាព និងបានរកឃើញថា ផលិតផលនេះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេ។
សូមជម្រាបថា ក្រសួងសុខាភិបាលបានព្រមានបិទគណនីហ្វេសប៊ុកឈ្មោះថា ប៊ូ សាអែម និង Zey Neang ដោយសារម្ចាស់គណនីទាំងពីរនេះ ផ្សាយលក់គ្រឿងសម្អាងដូចជា ឈុតព្យាបាលមុខ NNP សាប៊ូកំទេចមាស Swiss Gold,ឡេការពារកម្តៅថ្ងៃ NNP UV 60,ឈុតព្យាបាលសក់ NNP, ឡេលាបស្បែក Dr.White body lotion,ឡេលាបក្លៀក Dr.White armpit night cream, Dr.white armpit scrub, ឡេលាបក្លៀក Dr.White armpit day cream, ឡេលាបមុខ Dr.white skincare និងផលិតផលគ្រឿងសម្អាងដទៃ។ ផលិតផលទាំងនោះ សុទ្ធតែមិនមានការអនុញ្ញាត និងត្រួតពិនិត្យត្រឹមត្រូវ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជៀសផុតការខាតបង់ប្រាក់ កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់ជីវិត ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋឈប់ប្រើប្រាស់គ្រឿងសម្អាងរបស់ម្ចាស់គណនីទាំងនោះ។ «ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីនេះបញ្ឈប់ការផ្សព្វផ្សាយ ការនាំចូល លក់ ចែកចាយ និងប្រមូលផលិតផលមកវិញដើម្បីកំទេចចោល។
ប្រសិនបើនៅតែឃើញម្ចាស់គណនីទាំងពីរនេះផ្សព្វផ្សាយបន្តទៀត ក្រសួង សុខាភិបាល នឹងចាត់វិធានការតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»៕