ភ្លើងឆេះអគារមីក្រូហិរញ្ញវត្ថុ អេស៊ាផេស៊ីហ្វិចហ្វាយណិន របួសមនុស្សពីរនាក់(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2019 ក+ ក-

ភ្នំពេញ ៖ អគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិចហ្វាយនែន ភីអិលស៊ី ត្រូវបានអគ្គីភ័យ ឆាបឆេះជាប់ម្តាយ និងកូនប្រុងម្នាក់ រងរបួស និងបន្តឆេះរាលដាល់ឆេះអគារនេះទៅហាង Domino´sPizza មួយទៀតយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចខាងត្បូងអង់តែនទូរទស្សន៍ជាតិតាមបណ្តោយផ្លូវលេខ ៥១៤កែងផ្លូវ លេខ ៣១៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ស្រ្តីរងរបួស និងកូនប្រុសប្រុស ត្រូវបានបងប្អូនដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះកាលម៉ែត និងមន្ទីរពេទ្យកុមារជាតិ។ តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឮសម្លេង ផ្ទុះនិងក្លាយជាអណ្តាតភ្លើងឆេះ ចេញពីផ្នែកខាងក្រោយ នៃអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិចហ្វាយនែន ភីអិលស៊ី យ៉ាងសន្ធោសន្ធៅ ហើយបានឆេះរាលដាល់យ៉ាងរហ័សទៅហាង Domino´sPizza ដែលនៅខាងមុខ ព្រមទាំងឆេះរាលដាល់ទៅបង្គោលភ្លើង បណ្តាលអោយផ្សែងហុយទ្រលោមឡើង ។

តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗ នគរបាល រាជធានីភ្នំពេញព្រមទាំងមូលដ្ឋាន ក៍បានទាក់ទងហៅរថយន្តពន្លត់ អគ្គីភ័យ ទៅអន្តរាមន៍បាញ់ពន្លត់។ទន្ទឹមអគ្គីភ័យឆាបឆេះនោះ គេឃើញ ស្រ្តីម្នាក់រួមទាំង កូនប្រុស បានជាប់នៅក្នុងអគារធានាគារ ហើយត្រូវបានអ្នករួមការងារ និងសមត្ថកិច្ចនាំគ្នា ជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ខណៈនោះ គេឃើញ លោកឧត្តមសេនីយ៍ ទោ ហួត ចាន់យ៉ារ៉ាន់ស្នងការរងនគរបាល រាជធានីភ្នំពេញក៍បានចុះទៅដល់កន្លែងកើតហេតុ ដឹកនាំ កម្លាំង ក្នុងការជួយអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។

តាមនគរបាល បានអោយដឹងថា នៅក្នុងហេតុការណ៍ នេះ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២០គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើង បានរលត់នៅវេលាម៉ោង២និង៣០នាទីរសៀល។

ទាក់ទិន មូលហេតុ នគរបាលមូលដ្ឋានបានអោយដឹងថាបណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិចហ្វាយនែន ភីអិលស៊ី ហើយ បានឆេះរាលដាល់ទៅហាងភីហ្សារដែលនៅខាងមុខ។ទោះបីជាយ៉ាងណា គេពុំដឹងពីទំហំនៃការខូចខាតនៅឡើយទេ៕