ចាប់ខ្លួនលោកផ្កាយ១ ឃួន សុវណ្ណ និងលោកជំទាវផ្កាយ៣ រឿងឆបោកធានាចូលធ្វើទាហាន ប៉េអឹម.
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2019 ក+ ក-

ភ្នំពេញ ៖ ប៉េអឹមលើផ្ទៃប្រទេស និងប៉េអឹមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ បានចាប់ខ្លួនអតីតមន្ត្រីយោធាពាក់ផ្កាយ១ ម្នាក់ និងស្ត្រីម្នាក់ដែលដើរតួរជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ពាក់ព័ន្ធការចោទប្រកាន់រឿងបោកប្រាស់ប្រជាពលរដ្ឋចង់ចូលធ្វើទាហាន និងប៉ូលិស ប៉េអឹម និងគ្រូបង្រៀន ដោយយកលុយក្នុងម្នាក់ ៦.៥០០ដុល្លារ។ ការចាប់ខ្លួននេះ បានធ្វើឡើងដាច់ដោយឡែកពគ្នា រវាងកម្លាំងប៉េអឹមលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធាដែលត្រូវបានចាប់ខ្លួននេះឈ្មោះ ឃួន សុវណ្ណ អតីតឧត្តមសេនីយ៍ត្រី ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ និងស្ត្រីម្នាក់ឈ្មោះ ប៉ុន ស៊ីណាត ដែលតាំងខ្លួនជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។

ការចាប់ខ្លួននេះបានធ្វឡើនៅបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀន ជាដើម។

ប៉េអឹមចាប់ខ្លួនអតីតមន្ត្រីយោធាផ្កាយមួយ និងស្ត្រីម្នាក់ដែលដើរតួរជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ដែលបានបោកប្រាស់ប្រជាពលរដ្ឋចង់ចូលធ្វើទាហាន និងប៉ូលិស ប៉េអឹម និងគ្រូបង្រៀន ដោយយកលុយក្នុងម្នាក់ ៦៥០០ដុល្លារ។ ការចាប់ខ្លួន នេះបានធ្វើឡើងកាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយកម្លាំងប៉េអឹមលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ រហូតដល់ជាង៦០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋមួយចំនួនបានស្គាល់ពួកគេ(ជនត្រូវចោទឈ្មោះ ឃួន សុវណ្ណ និងស្ត្រីម្នាក់ឈ្មោះ ប៉ុន ស៊ីណាត )ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែĵចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕