មន្ត្រីជំនាញអត់ខ្វល់ពីករណីជីកអាចម៌ដីលក់ក្នុងស្រុកព្រះស្តេចដែលជ្រៅហួសហេតុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2019 ក+ ក-

ព្រៃវែង ៖ ក្រុមធ្វើជីវកម្មជីកយកអាចម៌ដីលក់ ២កន្លែងក្បែរគ្នា ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងមានករណីជីករណ្តៅយគអាចម៍ដីលក់ មានជម្រៅជ្រៅលើសពីច្បាប់អនុញ្ញាត ប៉ុន្តែមន្ត្រីជំនាញរ៉ែ និងថាមពលខេត្ត ហាក់ដូចជាមិនអើពើក្នុងករណីនេះទេ។

បើតាមប្រភព័ត៌មានអោយដឹងថា ម្ចាស់អាជីវកម្មទាំងពីរកន្លែងខាងលើនេះ ត្រូវគេស្គាល់ឈ្មោះ គី និងម្នាក់ទៀតឈ្មោះ ផាត ដែលបានទិញដីនៅចំណុចនេះម្នាក់ៗរាប់ហិកតា រួចបានដាក់គ្រឿងចក្រមកធ្វើសកម្មភាពជីកយកអាចម៌ដីលក់ និងប្រើប្រាស់រថយន្តកូរ៉េធុនធំៗជាច្រើនគ្រឿង ធ្វើការដឹកជញ្ជូនរយៈពេលយូរឆ្នាំមកហើយ សុទ្ធតែរណ្តៅដីដូចរន្ធបាយខុម និងមានជម្រៅជ្រៅគួរឲ្យព្រួយបារម្ភ។ បរិវេណរណ្តៅដីនេះ គេតែងតែនាំគ្នាហៅថា ជាកន្លែងរណ្តៅដីយក្ស ឬរណ្តៅដីមរណៈ ព្រោះរណ្តៅដីធំៗហើយមានជម្រៅជ្រៅៗជិតដល់ក្បាលប្រេតឯណោះ។

ប្រភពបន្តថា សព្វថ្ងៃប្រជាពលរដ្ធកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសកូនចៅតូចៗ ឬសត្វពាហនៈខ្លាចតែដើរធ្លាក់ចូលទៅក្នុងរណ្តៅដីនេះស្លាប់។រីឯឡានដឹកជញ្ជូនអាចម៌ដីវិញដាក់ពេញឡើងហៀរៗទ្រុងមិនគ្រប ហើយបើកបរតាមផ្លូវជាតិលេខមួយលឿនៗជ្រុះអាចម៌ដី រប៉ាត់រប៉ាយពាសពេញដងផ្លូវសាធារណៈហុយទ្រលោមបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរនូវបញ្ហាប្រឈមពីសុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសខ្លាចតែដុំដីធំៗលើឡានធ្លាក់មកប្រាកដ ជាបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា នៅចំណុចភូមិព្រៃខ្លានេះ គឺជាចំណុចផ្លូវកោង ហើយរថយន្តដឹកដីទាំងនេះឧស្សាហ៍បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ មានរបួសបែកក្បាលបាក់ដៃបាក់ជើងរហូតដល់ស្លាប់បាត់បង់អាជីវិតអ្នកដំណើរទៀតផង សមត្ថកិច្ចមិនដែលចាប់បានតៃកុងឡានយកមកផ្តន្ទាទោសម្តងណាទេ។

ប្រភពបន្តទៀតថារណ្តៅដីរបស់ឈ្មោះគីនិងឈ្មោះ ផាត នេះសង្ស័យគ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពលឡើយ គ្រាន់ត្រូវរ៉ូវគ្នាត្រឹមថ្នាក់ស្រុក ខេត្តប៉ុណ្ណោះ ហើយបើតាមផ្លូវច្បាប់រ៉ែ និងថាមពល ក៍មិនដែលអនុញ្ញាតអោយជីកមានជម្រៅជ្រៅរហូតដល់ទៅ 5-6 ដៃអាអ៊ិច នោះដែរ។

ភាពព្រងើយកន្ទើយនេះ ហើយបានធ្វើអោយមហាជនជាច្រើនដាក់ការសង្ស័យទៅលើអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញនៃស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានលាភសក្ការៈកម្រិតណាមួយពីម្ចាស់អាជីវកម្មទាំងពីរកន្លែងនេះ ហើយមើលទៅ បានជាធ្មេចភ្នែកសំងំស្ងៀមបណ្តែតបណ្តោយអោយម្ចាស់អាជីវកម្មទាំងនេះ មិនអនុវត្តន៍ទៅតាមច្បាប់ ធ្វើអ្វីស្រេចតែអំពើចិត្ត មិនគិតពីផលប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃបែបនេះ។

ឆ្លើយតបជាមួយភ្នាក់ងារព័ត៌មាននាពេលថ្មីៗនេះ លោក ភុន សម្ភស្ប អភិបាលស្រុកព្រះស្តេច បានប្រាប់តាមទូរស័ព្ទអោយដឹងយ៉ាងខ្លីថា រូបលោកមិនអាចផ្តល់បទសម្ភាសន៍តាមទូរស័ព្ទបានទេ យល់ពីអារម្មណ៍គេខ្លះផង។ ចំណែកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ៕