ចៅសង្កាត់គោករការ ​ដែលជួបគ្រោះថ្នាក់ចរាចរណ៍បានទទួលមរណភាពហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2019 ក+ ក-

ភ្នំពេញ ៖ ចៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ បានស្លាប់បាត់បង់ជីវីតហើយ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា នេះក្នុងមន្ទីរពេទ្យនៅប្រទេសវៀតណាម ដោយសាររបួសធ្ងន់ធ្ងពេក និងត្រូវបានក្រុមគ្រួសារបញ្ជូនត្រឡប់មកលំនៅឋានវិញនៅវេលារសៀលថ្ងៃទ២៥ ខែមេសា នេះ ។

លោក សាំង ស៊ិន ចៅសង្កាត់គោករការ បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរួចបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាម បន្ទាប់ពីរូបលោកជិះបានរថយន្តម៉ាក HILANDER មួយគ្រឿងជួបគ្រោះថ្នាកចរាចរណ៍បុកជាមួយរថយន្តដឹកដីមួយគ្រឿងដែលបើកឆ្លងផ្លូវ។

គ្រោះថ្នាក់ចរារណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានរណ្តៅដី ឧកញ៉ា ញឹក ផន លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកសាំង ស៊ិន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាចៅសង្កាត់គោករការ ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញលោកចៅសង្កាត់បានជិះរថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 មកពីប្រជុំនៅសាលាខណ្ឌព្រែកព្នៅគោលបំណងត្រឡប់ទៅផ្ទះ។នៅពេលធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ ក៍បានបុករថយន្តដឹកដីមួយគ្រឿងម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2236 ដែលបើកឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង។

តាមព័ត៌មានអោយដឹងថា នៅក្នុងគ្រោះបណ្តាលអោយលោកចៅសង្កាត់រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមដោយសារតែរបួសធ្ងន់ពេក ក៍បានស្លាប់បាត់បង់ជីវិត៕