ចាប់ចិន៣នាក់ករណីនាំលុយគ្មានប្រភពច្បាស់លាស់ជាង ៣,៥២លានដុល្លារចូលកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2019 ក+ ក-

ភ្នំពេញ ៖ កងកម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមន្រ្ដីមានសមត្ថកិច្ចនៃអគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣លាន ៥២ម៉ឺនដុល្លារអាមេរិក ដោយពុំមានបញ្ចាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តជាតិភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គ នាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជន សង្ស័យ ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ ពី ប្រភពហរិញ្ញ វត្ថុ ច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
ជនសង្ស័យទាំង៣នាក់រួមមាន ៖

*ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ
*ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ
*ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ ខ្លួន មុខរបរមិនពិតប្រាកដ។

សេចក្តីប្រកាសដដែលបន្តថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា៕