ចាប់បុរសខ្មែរម្នាក់ ថៃម្នាក់ ករណីជួញដូរថ្នាំញៀនមេតំហ្វេតាមីនជាង ៥ម៉ឺនគ្រាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2019 ក+ ក-

បន្ទាយមានជ័យ ៖ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបានធ្វើការ ត្រួតពិនិត្យនឹងថ្លឹងរាប់វត្ថុតាងគ្រឿងញៀនប្រភេទទឹកកក (ice) និងរាប់គ្រឿងញៀនប្រភេទគ្រាប់ បន្ទាប់ពីឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ ដកហូតបានកាលពីកន្លងមក។

លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបានប្រាប់ថា ករណីខាងលើ កម្លាំងរបស់យើងបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងកំណត់មុខសញ្ញារហូតដល់ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឃាត់ខ្លួនបាន ជនសង្ស័យ ២នាក់នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានទី១ ឈ្មោះ ភុងចាន់ សេកសាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅភូមិ១ សង្កាត់-ក្រុងវ្វ៉ាងណាំយេន ខេត្តស្រះកែវ ប្រទេសថៃ និងទី ២ ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងនោះគ្រឿងញៀនដែលដកហូតបាន និងបានថ្លឹងគឺគ្រឿងញៀនមេតំហ្វេតាមីន ICE មានចំនួន ១.៩៩២ក្រាម និងមេតំហ្វេតាមីនWYប្រភេទគ្រាប់ចំនួន ៥១.១២២គ្រាប់ ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រាប់ថា គ្រឿងញៀនខាងលើនេះ គឺនាំចូលពីប្រទេសថៃ តាមព្រំដែន សំណាងខ្លាំងណាស់ដែលកម្លាំងអាវុធហត្ថចាប់បង្ក្រាបបាន តែបើសិនជាបង្ក្រាប និងចាប់មិនបានទេ គ្រឿងញៀនខាងលើនេះនឹងធ្លាក់ដល់ដៃឈ្មួញចែកចាយ នោះមិនដឹងទេថា មនុស្សប៉ុន្មាននាក់ដែលទទួលរងគ្រោះថ្នាក់នោះទេ៕ ដោយ ៖ នូវី