ចិនប្រកាសជួយដល់វិស័យការពារជាតិកម្ពុជាជិត៩០លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2019 ក+ ក-

ភ្នំពេញ ៖ ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាង ៦០០លានយ័ន ស្មើនឹងជាង៨៩លានដុល្លារអាមេរិក ដើម្បីជួយពង្រឹងវិស័យការពារជាតិរបស់កម្ពុជា។ ការបញ្ជាក់របសលោក ស៊ី ជីនពីង បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយមេដឹកនាំចិនបន្តធ្វើការជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

ប្រធានាធិបតីចិន ស៊ី ជិនពីង បានអះអាង នៅចំពោះសម្តេចតេជោថា ចិននឹងបន្តជួយកម្ពុជាក្នុងការរក្សាសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការ អនុវត្តច្បាប់របស់កម្ពុជា។ ទោះបីអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធក្តី តែចិននឹងនៅតែបន្តជួយកម្ពុជាឲ្យបានខ្លាំងក្លា។

សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជាជាពិសេស ក្រុមហ៊ុនចិនដែលមានរោងចក្រ ជាង៧០០ក្នុងចំណោមជាង ១០០០ រោងចក្រ អោយនៅបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសុំឲ្យមានការចូលមកវិនិយោគពីបណ្ដាក្រុមហ៊ុនថ្មីៗ បន្ថែមទៀត។

ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ថា កម្ពុជា និងចិនគឺជាមិត្តល្អ ដោយបានចុះហត្ថលេខាលើឯកសារខ្សែក្រវាត់ និងផ្លូវ ហើយយើងនឹងបន្តធ្វើការជាមួយគ្នា ទៅតាមផែនការសកម្មភាព និងត្រូវតែបន្តថែទាំនូវទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងផែនការខ្សែក្រវ៉ាត់ និងផ្លូវនេះយើងនឹងបន្តជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿននិងព្រលានយន្តហោះ ជាពិសេសនឹងបន្តនាំចូលអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ទៅតាមចំនួនកូតាដែលបានផ្ដល់ជូនចំនួន៤០ម៉ឺនតោននោះ។

ភាគីចិន បានថ្លែអះអាងថា នឹងបន្តជួយដល់វិស័យការពារជាតិរបស់កម្ពុជា ដោយបានប្រកាសថា នឹងផ្តល់ថវិកាចំនួន៦០០លានយ័ន (ជិត៩០លានដុល្លារ)ដល់វិស័យការពារជាតិកម្ពុជា។

លោកប្រធានាធិបតី Xi Jinping ប្រធានាធិបតី ស៊ី ជីនពីង បានអះអាងដែរថា ប្រទេសចិន នឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គ្រាដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតថ្មីមួយទៀត។ ក្នុងនោះដែរ ប្រធានាធិបតីចិន ក៏បានអះអាងថា ចិននឹងបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីកម្ពុជារក្សានូវសិទ្ធិស្របច្បាប់របស់ខ្លួន ទោះបីអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ៕