ប្តីប្រពន្ធរងការបាញ់ប្រហារពេលជិះរថយន្តរេនរ៉ូវ័រ ទារសំណង៣ម៉ឺន៥ពាន់ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2019 ក+ ក-

ភ្នំពេញ ៖ មន្ត្រីម្នាក់នៃអង្គភាពនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងប្រឈមនឹងការចោទប្រកាន់ការប៉ុនប៉ងអំពើ ឃាតកម្មក្នុងហេតុការណ៍ប្រើកាំភ្លើងខ្លីរបស់ខ្លួនបាញ់ចំនួន៥គ្រាប់ដាក់លើរថយន្ត RANGE ROVER មួយគ្រឿង ដែលមានមនុស្ស២នាក់ប្តីប្រពន្ធ បានស្ថិតក្នុងរថយន្តនោះ។

វរសេនីយ៍ទោ ឈ្មោះ ដួង ណាគ្រី ដែលជាអនុប្រធាននាយកដ្ឋាននៃនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរងការចាប់ខ្លួន ក្រោយហេតុការណ៍បាញ់៥គ្រាប់ បណ្តាលអោយបែកកញ្ចក់រថយន្ត RANGE ROVER ដែលពាក់ស្លាកលេខភ្នំពេញ 2U-4448 បើកបរដោយបុរស ម្នាក់ឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ជាមួយនិងភរិយា កាលពីវេលាម៉ោង ១២និង៥៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៣៦៣ កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ លោក ភូរិស្ស ស្តូរ៉ាន់ ដែលជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS បានថ្លែងថា លោកពុំដែលស្គាល់គ្នា ឬធ្លាប់មានទំនាស់ជាមួយនឹងមន្ត្រីនគរបាលម្នាក់នោះឡើយ។

យោងតាមសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ទោដួង ណាគ្រី នាពេលនោះមានអាការៈស្រវឹង និងកំពុងជិះក្នុងរថយន្តរបស់ខ្លួនប្រភេទ LEXUS RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153។ មន្ត្រី គរបាលរួបនោះ បានចុចស៊ីប្លេរថយន្តជាច្រើនដង ពីក្រោយរថយន្ត RANGE ROVER ដែលក្រោយមកក៏បានបង្កជាជម្លោះពាក្យសម្តី និងបណ្តាលអោយកើតឡើងជាអំពើបាញ់ប្រហារចំនួន៥គ្រាប់បណ្តាលឲ្យបែកខ្ទេចកញ្ចក់រថយន្តផ្នែកខាងក្រោយ ប៉ុន្តែលោក ភូរិស្ស ស្តូរ៉ាន់ និង ភរិយាដែលស្ថិតក្នុងរថយន្ត RANGE ROVER បានរួចផុតពីគោលដៅនៃគ្រាប់បាញ់តំរង់ចំនួន៥គ្រាប់នេះ។

ក្រោយអំពើបាញ់នោះមក ជនបង្កហេតុបានបើករថយន្តទៅបាត់មួយសន្ទុះក្រោយមក ក៏ត្រឡបមកវិញ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនតែម្តង។ វរសេនីយ៍ទោ ដួង ណាគ្រី ត្រូវបានគេបញ្ជូនទៅតុលាការនៅថ្ងៃទី២ ខែឧសភា នេះ ដើម្បីរង់ចាំអនុវត្តន៍នីតិវិធីតាមផ្លូវតុលាការបន្តទៀត។

បោះតាម Fresh News បានឲ្យដឹងថា លោក ភូរិស្ស ស្តូរ៉ាន់ ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះពីរនាក់ប្រពន្ធ បានទាមទារសំណងចំនួន៣៥.០០០ដុល្លារក៏ពិតមែន ប៉ុន្ដែពាក្យបណ្ដឹងព្រហ្មទណ្ឌ ដែលប្ដឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានោះ គឺនៅរក្សាដដែល។

ជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ ខ្ញុំបានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្ត និងការខូចខាត ចំនួន៣៥,០០០ដុល្លារ ហើយប្រគល់ឡានរបស់ខ្ញុំ ទៅឲ្យគាត់ (ជនបង្ក) ខ្ញុំយកតែលុយដែលទាមទារប៉ុណ្ណោះ ប៉ុន្ដែឥលូវខ្ញុំមិនទាន់បានទទួលដំណឹងអ្វីត្រឡប់មកវិញនោះទេ។ ហើយពាក្យបណ្ដឹងព្រហ្មទណ្ឌ គឺខ្ញុំនៅរក្សាដដែលអត់ដកទេ»៕