តុលាការផ្តន្ទាទោស សម រង្ស៊ី ដាក់ពន្ធនាគារ៨ឆ្នាំពីបទញុះញង់កងទ័ព និងប្រមាថព្រះមហាក្សត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2019 ក+ ក-

ភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៩នេះ ត្រូវបានតុលាកររាជធានីភកនំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ ២០ លាន រៀលចូលជាថវិការជាតិ ពីបទញុះញង់កងទ័ព និងប្រមាថព្រះមហាក្សត្រ។

គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជ ធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៊ី មេចលនា ឧទ្ទាម ពាក់ព័ន្ធនឹងករណីចំនួន០២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់តាម មាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្ម ទណ្ទ ។ បទចោទ ទី២- ប្រមាថលើអង្គព្រះ មហាក្សត្រ តាមមាត្រា៤៣៧ស្ទួន នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅ ទីកន្លែងផ្សេងៗ។

ក្រោយបានបញ្ចប់សវនាការលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងនេះ ប្រកាសាលក្រមនៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះតែម្តង។

បើតាមលោក អីុ រិន អ្នកនាំពាក្យសាលា ដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុង សវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។ ក្នុងសវនាការរសៀលថ្ងៃនេះដែរមានលោក សំ សុគង់ ជាមេ ធាវីរបស់ លោក សម រង្ស៊ី ក្នុងនាមជា មេធាវីជនជាប់ចោទ និងក៏មានវត្តមាន មេធាវី តំណាងដោយអាណត្តិរបស់អគ្គ បញ្ជាការកងទ័ព លោក វង្ស ភក្តី តំណាង ឱ្យ ដើមបណ្តឹងផងដែរ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង ករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្ត កងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធ ពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបាន បញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែរ កាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ នេះ៕