ភ្នំពេញ-ប៉ារីស រួមគ្នាផ្សព្វផ្សាយសៀវភៅដើម្បីអភិវឌ្ឃន៍ទីក្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2019 ក+ ក-

ភ្នំពេញ ៖ សៀវភៅអានស្តីពីការអភិវឌ្ឍន៍ទីក្រុង ជាពិសេសការផ្លាស់ប្តូរទីក្រុងអោយមានពណ៌បៃតង ដែលចំណាយថវិការបោះពុម្ភ១២ម៉ឺនដុល្លារ ត្រូវបានប្រារព្ធធ្វើពិធីផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី០២ ឧសភានេះ ។

សៀវភៅក្រុងភ្នំពេញការពង្រីកនិងការផ្លាស់ប្ដូរសៀវភៅដំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញនិងសាលាក្រុងប៉ារីសត្រូវបានធ្វើពិធីផ្សព្វផ្សាយ ក្រោមវត្តមាន លោក នួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី Valentine Gigaudaut តំណាងស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

សៀវភៅនេះចែកចេញជាពីរប្រភេទសំខាន់ ដោយការផ្លាស់ប្ដូរទីក្រុងឲ្យទៅជាទីក្រុងមានពណ៌បៃតងនិងមានបរិស្ថានល្អ។ សៀវភៅនេះបានសរសេរគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាទឹកជំនន់ និងលើកទឹកចិត្តចំពោះអ្នកអាន ពិសេសអ្នកដែលពាក់ព័ន្ធនឹងធ្វើការងារអភិវឌ្ឍន៍ទីក្រុង។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយសៀវភៅខាងលើថាសៀវភៅនេះគឺបានគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាការអភិវឌ្ឍទីក្រុងសំរាប់ពេលអនាគត លោកអភិបាលរងរាជធានីក្នុងឱកាសនោះក៏បានថ្លែងអំណរគុណចំពោះ ទីក្រុងប៉ារីស ដែលបានបង្កើតប្លង់គោល ដែលជាប្លង់តម្រង់ទិសសម្រាប់រាជធានីភ្នំពេញ ឆ្ពោះទៅរកការអភិវឌ្ឍន៍និងរីកចំរើន។ ក្រៅពីនេះលោកក៏បានថ្លែងអំណរគុណចំពោះក្រុមការងារដែលរួមសហការគ្នារវាងទីក្រុងភ្នំពេញនិងទីក្រុងប៉ារីសបង្កើតឲ្យមានឡើងនូវសៀវភៅដ៏ល្អនេះនឹងបំពេញបន្ថែមនូវអ្វីដែលមាននៅក្នុងដៃ រក្សាបាន ទីក្រុងមានភាពបៃតង ជាទីក្រុងវៃឆ្លាត៕